(ក្រចេះ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំមន្រ្តីមួយចំនួន ដើរទៅកាន់អតីតតំបន់ស៊ូរបស់សម្តេច ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំលឹកអនុស្សាវរីយ៍ នៃការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា កាលពី៤០ឆ្នាំមុន។
នៅលើបណ្តាញសង្គម Facebook សម្តេច ហេង សំរិន បានរំលឹកយ៉ាងដូច្នេះថា៖ «ទីនេះកាលពី៤០ឆ្នាំមុន ខ្ញុំនិងឥស្សរជនស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត បានបង្កើតនូវ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃ២ធ្នូ ១៩៧៨ ដើម្បីរំដោះពីរបបប្រល័យពូជសាសន៍ បុល ពត និង ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ ៧ មករា ១៩៧៩ រួមគ្នាកសាង និង អភិវឌ្ឍ ប្រទេសកម្ពុជា។
កាលពី៤០ឆ្នាំមុន ទីនេះជាសមរភូមិប្រយុទ្ធ មួយថ្ងៃៗឭតែសំឡេងគ្រាប់កាំភ្លើង តែពេលនេះតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍ កសិឧស្សាហកម្ម ដែលពលដ្ឋរស់នៅដោយសុខសន្តិភាព មិនភ័យខ្លាចពីការប្រយុទ្ធគ្នា មិនភ័យព្រួយពីការរត់គេចគ្រាប់កាំភ្លើងទៀតទេ។
រយៈពេល៤០ឆ្នាំក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូខ្លំាងណាស់ក្នុងការនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ។ ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត ដៃម្ខាងកសាងស្តារ អភិវឌ្ឍន៍ប្រទេសជាតិឡើង»។
ទន្ទឹមនឹងការរំលឹកបែបនេះ សម្តេចក៏បានអំពាវនាវឱ្យ ជនរួមជាតិ និងយុវជនជំនាន់ក្រោយរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាពដែលយើងទទួលបានមកដោយលំបាក ឲ្យបានគង់វង្សរហូតទៅ ដើម្បីប្រទេសជាតិទទួលបានការអភិវឌ្ឍបន្តទៀត។ មានតែសន្តិភាពទេជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ នូវអ្វីៗគ្រប់យ៉ាង៕