(ភ្នំពេញ)៖ បន្ទាប់ពីបានដើរលើផ្លូវចម្ងាយ៤០គីឡូម៉ែត្រ ដែលជាគន្លងផ្លូវដែលយុវជនខ្មែរកាលពី៤០ឆ្នាំមុន នាំគ្នាដើរតស៊ូដើម្បីរំដោះជាតិមាតុភូមិ រំដោះយកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ចេញពីការរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញការស្ញប់ស្ញែងចំពោះវីរៈភាព និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាឪពុករបស់លោក។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់លើ Facebook ក្រោយបញ្ចប់ការដើរលើផ្លូវចម្ងាយ ៤០គីឡូម៉ែត្រថា «សម្រាប់ខ្ញុំ ខ្ញុំសូមរំលឹកនូវភាពជោគជ័យថ្ងៃនេះ ជូនដល់ការលះបង់ នៃការយកជីវិតជាដើមទុន របស់លោកពុករបស់ខ្ញុំ ដែលសម្រាប់ខ្ញុំ គាត់លើសពីឪពុករបស់ខ្ញុំទៅទៀត។ ខ្ញុំពិតជាមានមោទកភាព ដែលបានកើតមកជាកូនពុក ដែលមានពុកម្នាក់ដែលតែងតែឆ្លងកាត់ការសម្រេចចិត្តដ៏សែនលំបាកម្តងហើយម្តងទៀត ដើម្បីឲ្យប្រាកដថាប្រជាជនកម្ពុជា បានរស់នៅក្នុងភាពសុខសាន្ត និងភាពរីកចម្រើនជារៀងរហូត»។
មេដឹកនាំយុវជនជំនាន់ថ្មីវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានលើកឡើងដែរថា ព្រឹត្តិការណ៍ដើរលើផ្លូវចម្ងាយ៤០គីឡូម៉ែត្រ ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រនៃការតស៊ូរបស់យុវជនជំនាន់មុនពិតជាមានតម្លៃ។
លោកបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះជាមួយយុវជនដែលមានឆន្ទៈជាច្រើន យើងបានឆ្លងកាត់ដោយជោគជ័យនូវបេសកកម្ម៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រជាមួយគ្នា។ វាមិនមែនជារឿងងាយស្រួលពេកទេ តែខ្ញុំប្រាកដក្នុងចិត្តថាវាពិតជាមានតម្លៃ។ មនុស្សម្នាក់ៗតែងតែមានគោលដៅរៀងៗខ្លួន ដែលលើសពីគ្រាន់តែការចង់សាកល្បង តែចង់សម្រេចគោលដៅរួមមួយ»។
សូមបញ្ជាក់ក្រុមយុវជនមកពីតាមបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា រួមមាននិស្សិតផងដែរសរុបប្រមាណ ៧០០នាក់ បានរួមគ្នាដើរលើគន្លងផ្លូវ ដែលយុវជនរបស់កម្ពុជាកាលពី ៤០ឆ្នាំមុនបាននាំដើរតស៊ូ ដើម្បីបុព្វហេតុសង្គមជាតិ និងប្រជាជន ក្នុងគោលបំណងបានស្វែងយល់ពីទុក្ខលំបាក និងរំលឹកដល់ការលះបង់របស់យុវជនជំនាន់មុន។
ក្រុមយុវជនជំនាន់ថ្មី បានដើរមកដល់គោលដៅគ្រប់ៗគ្នា ជាមួយស្នាមញញឹម និងពោរពេញដោយមោទនភាពនៅថ្ងៃរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ៕