(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៥គ្រឿង, ម៉ូតូកង់បី១គ្រឿង និងរថយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធ, ប្រជែង និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៨៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៤២នាក់, របួសធ្ងន់២៦២នាក់ និងរបួសស្រាល១៨០នាក់៕