(ភ្នំពេញ)៖ រថយន្ដសង្គ្រោះបន្ទាន់ អំណោយទី៣០ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រគល់ជូនបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោកហើយ តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី លី ហៀក រតនា ។
ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានពាំនាំប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជូនចំពោះបងប្អូនកងទ័ពយើង ដែលរួមគ្នាការពារប្រទេសជាតិ។ សម្រាប់រថយន្ដសង្គ្រោះបន្ទាន់នេះ នឹងជួយលើកកម្ពស់ការពិនិត្យព្យាបាលជំងឺដល់កងទ័ព និងប្រជាជនយើង ដោយគ្មានការរើសអើងនិន្នាការនយោបាយ និងជាតិសាសន៍អ្វីនោះឡើយ ។
ទន្ទឹមនឹងនោះ លោកឧកញ៉ា បណ្ឌិតជារតនា ក៏បានឲ្យដឹងថា រថយន្ដសង្គ្រោះបន្ទាន់នេះ គឺបានប្រគល់ជូនស្ទើរតែគ្រប់ស្ថាប័នពាក់ព័ន្ធទៅនឹងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋយើង ។
ជាងនេះទៅទៀត លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា «បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋយើង បានយល់ច្បាស់អំពីតម្លៃនៃសុខសន្ដិភាព នឹងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុនសែន, ពេលនេះបានធ្វើឲ្យខ្លួនយើង គ្រួសារ និងប្រទេសជាតិ មានការអភិវឌ្ឍន៍» ។
ព្រមជាមួយគ្នានោះ ឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែ គិតគូរដល់សុខទុក្ខកងទ័ព ជាក់ស្តែងអំណោយរថយន្តសង្គ្រោះទី៣០ របស់សម្តេចនាពេលនេះ ជាការសបញ្ជាក់ពីការ យកចិត្តទុកដាក់យ៉ាងធំធេង របស់សម្ដេចចំពោះកងទ័ព ។
សូមជម្រាបថា អំណោយទី៣០ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី លី ហៀក រតនា ក៏មានការចូលរួមចំណែកជាថវិកា ចំនួន៨ពាន់ដុល្លារផងដែរ ពីលោកឧកញ៉ា សុខ វណ្ណា ៕