(ភ្នំពេញ)៖ លោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ បានណែនាំដល់លោកចៅសង្កាត់ទាំង៨ តាមបណ្តាវត្តនានា និងប្រជាពលរដ្ឋទាំងអស់ ក្នុងខណ្ឌច្បារអំពៅទាំងមូល សូមត្រៀម និងចូលរួមទូងស្គរ គោះត្រដោក ទះប៉ោតជាដើមឲ្យបានកងរំពង នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរ ល្ខោនខោលខ្មែរ ដែលត្រូវបានអង្គការយូណេស្កូ ដាក់ចូលក្នុងបញ្ជីរបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ។
ការណែនាំរបស់លោកស្រីអភិបាលរងខណ្ឌច្បារអំពៅ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូល ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅម៉ោង ១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពអរូបីយ នៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕