(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ នឹងមានព្រឹត្តិការណ៍ប្រណាំងកង់ ដែលមានទាំងប្រភេទវិញ្ញាសាសម្រាប់គ្រួសារនាំកូនៗ ក៏ដូចជាមិត្តភក្តិនាំគ្នាទៅជិះកម្សាន្ត ដើម្បីភាពសប្បាយរីករាយ និងសុខភាពល្អ ដែលនឹងប្រព្រឹត្ដទៅ នៅមុខទីលានជល់ដំរី នៃទឹកដីអច្ឆរិយៈខេត្តសៀមរាប។

ព្រឹត្តិការណ៍ប្រណាំងកង់ ដែលឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកបរិសុទ្ធកម្ពុជានេះ មាន៣ប្រភេទវិញ្ញាសារ សម្រាប់ចុះឈ្មោះចូលរួមប្រកួត គឺវិញ្ញាសារចម្ងាយ១៧គីឡូម៉ែត្រ ចម្ងាយ៣៧គីឡូម៉ែត្រ និងចម្ងាយ១១៧គីឡូម៉ែត្រ។

វិញ្ញាសារចម្ងាយ៣៧គីឡូម៉ែត្រ គឺអាចចូលរួមបានគ្រប់គ្នា ពិសេសក្រុមគ្រួសារអាចនាំយកកូនៗតូច-ធំចូលរួមជិះកម្សាន្តបានយ៉ាងសប្បាយរីករាយបំផុត ពីព្រោះវិញ្ញាសារនេះ មិនត្រូវការប្រកួតប្រជែងខ្លាំង ប៉ុន្តែដើម្បីកម្សាន្តសុខភាព សាមគ្គីភាព និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ប្រាសាទបុរាណខ្មែរដ៏អស្ចារ្យ។

ដោយឡែកវិញ្ញាសារចម្ងាយ៣៧គីឡូម៉ែត្រ សម្រាប់អ្នកដែលធ្លាប់ជិះកង់ និងមានបទពិសោធន៍ ខណៈចម្ងាយ១១៧គីឡូម៉ែត្រ សម្រាប់អ្នកអាជីពចូលរួមប្រកួតប្រជែងកម្រិតខ្ពស់។
នេះជាព្រឹត្តិការណ៍ប្រណាំងកង់លើកទី១៣ហើយ ដែលរៀបចំប្រណាំងនៅខេត្តសៀមរាប។

អ្វីដែលពិសេសទៀតនោះ គឺការចូលរួមពីបងប្អូនទាំងអស់គ្នា ជាការរួមចំណែកដ៏សំខាន់ ដើម្បីកុមារ និងសប្បុរសធម៌ ពិសេសដើម្បីសុខភាព និងសាកកម្លាំងជើងផងដែរ ។

រកឯណាបាន! តោះទៅចុះឈ្មោះ និងជិះកង់ដើម្បីកុមារទាំងអស់គ្នានាថ្ងៃសៅរ៍ ទី១ ខែធ្នូ ខាងមុខនេះ។ ជួបជុំគ្នានៅមុខ ព្រះលានជល់ដំរី ទឹកដីអង្គរ។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម៖ ០៧៧ ៣០ ៣៨ ៦០៕