(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនល្មើស១ក្រុម ពាក់ព័ន្ធនឹងករណីប្រើហិង្សាលើជនជាតិចិន ដោយសារតែខឹងនឹងជនជាតិចិនទាំងនោះ ដើរស្រែកឡូឡាតាមផ្លូវ។
ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០២៖៣០នាទី រំលងអាធ្រាត្រ នៅចំណុចក្រោយកាស៉ីណូ យ៉ាឌួលី ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះ ត្រូវបានធ្វើឡើង ដោយយោងតាមអនុសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំលោក យន្ត មីន គណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា សៀង សុខ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា បន្ទាប់ពីមានបញ្ហាប្រើអំពើហិង្សា ទៅលើជនបរទេសពេលយប់ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ការិយាល័យជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ ស៉ើបអង្កេត ហើយកំណត់អត្តសញ្ញាណជនសង្ស័យបាន។ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០២៖៣០នាទី រំលងអាធ្រាត្រ នៅចំណុចក្រោយកាស៉ីណូ យ៉ាឌួលី ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការល្បាតពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលកំពុងជិះម៉ូតូ។
បើតាមលោកស្នងការ ជនសង្ស័យចំនួន ០៣នាក់នោះរួមមាន៖ ឈ្មោះ ម៉ៃ ពិគា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ, ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រានៅស៉ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ, ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកបាន រួមមាន៖ កាំបិតបុ័ងតោ ០២ដើម, កាំបិតច្នៃ ០១ដើម, ដែកទីប ០១ដើម, ញញួរដែក ០១ដើម, ទូរស័ព្ទដៃ ០៤គ្រឿង (ម៉ាក សាមសុង ពណ៌ស, ម៉ាក mi ពណ៌ស-ខ្មៅ, ម៉ាក WIKO ពណ៌ខ្មៅ-ទឹកមាស និងម៉ាក អិនចុចពិល), ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៉ីនៈ ៨១៩៦៨៥៧ និងម៉ូតូ ០១គ្រឿងទៀត ម៉ាកស្មាស់រិវូ ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៉ីនៈ ១៤៧៤០៤។
មូលហេតុដែលក្រុមជនសង្ស័យ វាយជនជាតិចិន ព្រោះជនសង្ស័យគឺជាក្រុមញៀនថ្នាំ ហើយពួកគេខឹងនឹងជនជាតិចិន នៅពេលដែលពួកគេជិះម៉ូតូតាមផ្លូវ ជនជាតិចិនចូលចិត្តដើររញ៉ែរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់។
ពេលពួកគេស៊ីប្លេរឲ្យចៀស មិនព្រមចៀស បែរជាស្រែកលឺៗ ទើបពួកគេខឹង ហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តង។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕