(ភ្នំពញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ រូបលោកបានចុះកិច្ចព្រមព្រៀងជាមួយ លោកស្រីវេជ្ជបណ្ឌិត Kathrine Polak ប្រធានក្រុមសម្ពន្ធ័អន្តរជាតិការពារសត្វ (VIER PFOTEN International) និងលោកស្រីវេជ្ជបណ្ឌិត Martina Mayr នាយក និងស្ថាបនិកអង្គភាពសង្គ្រោះសត្វកម្ពុជា ដើម្បីសហការគ្នាសំរបសំរួលការងារសត្វសុនខនៅកម្ពជា ក៏ដូចជាជំរុញការផ្សព្វផ្សាយប្រឆាំងនឹងការជួញដូរ និងបរិភោគសាច់សុនខនៅកម្ពុជា។
លោក ហេង រតនា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ អង្គការទាំង២ នឹងជួយគាំទ្រស៊ីម៉ាក់ឲ្យរៀបចំសិក្ខាសាលា ថតស្ពតអប់រំ ការងារផ្សព្វផ្សាយតាមវិទ្យុ ទស្សទសន៍ សារព័ត៌មាន និងការងារផ្តល់ការជួយថែទាំសុខភាពសត្វសុនខជាដើម។ អង្គភាពស៊ីម៉ាក់ចូលរួមលើកកំពស់វប្បធម៌ ប្រពៃណី និងសីលធម៌ស្រលាញ់សុនខ ទាំងរូបភាពជាសុនខគ្រួសារ សុនខបំរើការងារដោះមីន ការងារសន្តិសុខជាដើម។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ចេញទស្សនៈរបស់ខ្លួនក្នុងគោលបំណងដើម្បីប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា។
លោក ហេង រតនា បានគូសបញ្ជាក់ថា ស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖
ទី១៖ បាត់បង់វប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខឡើយ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។
ទី២៖ ការបង្កអំពើចោរកម្ម និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សាក្នុងគ្រួសារ។
ទី៣៖ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី ហើយអង្គភាពស៊ីម៉ាក់ នឹងសហការរយៈ២ឆ្នាំ២០១៩-២០២០ ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)
ទី៤៖ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្សជាតិ ជាពិសេសសុនខហិតមីន សុនខសន្តិសុខ (សម្រាប់សន្តិសុខគ្រួសារ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម សុនខប្រឆាំងគ្រឿងញៀន សុនខការពារព្រំដែនជាដើម។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ ក៏បានអំពាវនាវផងដែរថា ពេលនេះជាពេលវេលាយ៉ាងសមស្របសម្រាប់ប្រជាជនកម្ពុជា និងអ្នកអនុវត្តច្បាប់អាចចូលរួមលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខែ្មរ៕