(ភ្នំពេញ)៖ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ថាច់ ឃន រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្តោះបណ្តាលថា មន្ត្រីអធិការកិច្ចត្រូវពង្រឹងសមត្ថភាព ដើម្បីធ្វើជាកម្លាំងចលករដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទម្រង់ឥតរាថយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ។
ដើម្បីសម្រេចគោលដៅនេះ មន្ត្រីទាំងអស់ត្រូវតែមានភាពច្បាស់លាស់ ស្មោះត្រង់ និងការជឿជាក់លើសមត្ថភាព តាមរយៈនៃការបណ្តុះបណ្តាល ទាំងក្នុងមូលដ្ឋានមានស្រាប់ និងសមាហរណកម្មនៅក្រៅប្រទេសផងដែរ។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ នៅក្រោយបញ្ចប់ពីធិបិទវគ្គ នៅទីស្តីការក្រសួង។
លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងថា បើតាមរបាយការណ៍របស់លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រួសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ចនេះ បានសិក្សានូវមេរៀនសំខាន់ៗ ចំនួន៦ជាគន្លឹះ រួមមាន៖ ទស្សនៈទូទៅ នៃការការងារអធិការកិច្ច, ស្ថាប័នអធិការកិច្ច និងមន្ត្រីអធិការកិច្ច, ច្បាប់ និងលិខិតបទដ្ឋានក្នុងសកម្មភាពអធិការកិច្ច, ភារកិច្ច និងសិទ្ធអំណាចរបស់មន្ត្រីអធិការកិច្ច, បណ្តឹង និងបែបបទ នៃការដោះស្រាយបណ្តឹង។
ក្នុងនាមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន, លោក ថាច់ ឃន បានថ្លែងអំណរដល់គ្រូឧទ្ទេសនាម ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់សិក្ខាកាម ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។
លោកបន្តថា លទ្ធផលថ្ងៃនេះ ជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបានកើតចេញពីការយកចិត្តទុកដាក់ពីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បើទោះជាក្រសួងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលបឋមនេះក៏ពិតមែន តែដើម្បីប្រសិទ្ធិភាពការងារ និងដើម្បីធ្វើឲ្យក្រសួង សម្បូរទៅដោយធនធានមនុស្សដាច់ខាត ត្រូវតែខិតខំធ្វើឲ្យមានការបណ្តុះបណ្តាលនៅនឹងកន្លែងផង និងនៅក្រៅប្រទេស។
ដូចនេះ លោកបានណែនាំឲ្យមន្ត្រីត្រូវយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ឲ្យចំទិសដៅ ដើម្បីធ្វើជាសេនាធិការ ឲ្យថ្នាក់ដឹកនាំក្រសួង ស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្តពីប្រជាជនបន្ថែមទៀត។ ក្នុងនោះមន្ត្រីទាំងនៅថ្នាក់ក្រសួង និងនៅថ្នាក់រាជធានី-ខេត្ត ត្រូវបន្តសកម្មភាព ដោយជំហរទទួលខុសត្រូវខ្ពស់ កុំស្ពឹកស្រពន់ ត្រូវចេះក្តាប់ព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលទាក់ទងទៅនឹងស្ថាប័ន ដើម្បីចុះជួយប្រជាជនឲ្យបានទាន់ពេលវេលា៕