(កំពង់ចាម)៖ ក្រោយពីទទួលបានពត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដបង្ក្រាបបទល្មើសនេសាទ នៅឃុំខ្ចៅ ស្រុកកងមាស។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ ក្រុមប្រឹក្សាឃុំ ប្រជាការពារឃុំ និងសហគមន៍នេសាទ ដឹកនាំដោយលោក សែម បាន ក្រុមប្រឹក្សាឃុំខ្ចៅ ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងB៦ ឃុំខ្ចៅ ស្រុកកងមាស។
របាយការណ៍បន្ថែមថា ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន២៥មាត់, របាំងស្បៃមុង ប្រវែង៦៥០ម៉ែត្រ, បង្គោលចម្រុះ ចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន២០០គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕