(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន ៣៥៣,២៧៦ដុល្លារអាមេរិក សម្រាប់ជួយដល់ការអភិវឌ្ឍន៍លើវិស័យសុខាភិបាល, វិស័យអប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ៤ស្ថាប័ន។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់មន្ទីរចំនួន៤នៅកម្ពុជា រួមមាន៖ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ផ្តល់ជូន៨៨,៩៩៥ដុល្លារ ដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាលខេត្តតាកែវ នូវថវិកាចំនួន៨៧,៣០៤ដុល្លារ, មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល នូវថវិកាចំនួន៨៩,១៦២ដុល្លារ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ចាម នូវថវិកាចំនួន ៨៧,៨១០ដុល្លារ។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។ គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារជនងាយរង់គ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៥៩៤ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕