(សៀមរាប)៖ ភូមិធម្មជាតិរុនតាឯក បានទទួលពានរង្វាន់សហគមន៍ទេសចរណ៍គំរូ ក្រោយពីពេលថ្មីៗនេះ។ លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ត្រូវបានអញ្ជើញឲ្យចូលរួមទទួលពានរង្វាន់ «សហគមន៍ទេសចរណ៍គំរូភូមិធម្មជាតិរុនតាឯក» ដែលជាពានរង្វាន់ថ្មី រៀបចំឡើងដោយក្រសួងទេចរណ៍ ក្នុងការប្រកួតប្រជែងដើម្បីបង្កើតស្តង់ដារ សហគមន៍ទេសចរណ៍នៅកម្ពុជា។
ការប្រគល់ជូនពានរង្វាន់នេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបូកសរុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ «ការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២» និង «ការប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១» ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទេសចរណ៍។
តាមការបញ្ជាក់ពីលោក ម៉ី ម៉ារ៉ាឌី បានឲ្យដឹងថា «កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីបង្កើតស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា ដោយផ្អែកលើគោលបំណងបួនសំខាន់គឺ៖ ១ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសហគមន៍ទេសចរណ៍កម្ពុជា, ទី២ ពង្រឹងការគ្រប់គ្រងសហគមន៍ទេសចរណ៍ ប្រកបដោយនិរន្តរភាព គុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ, ទី៣ ជំរុញនិងលើកទឹកចិត្តឲ្យមានការ ចូលរួមពីប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន, និងទី៤ ពង្រឹងនិងពង្រីកការជឿទុកចិត្តទៅលើសហគមន៍ទេសចរណ៍ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
លោកក៏បានបញ្ជាក់ថា ដំណើរការមុនទទួលបានពានរង្វាន់នេះដែរ គឺក្រុមការងារដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតរុនតាឯក បានទទួលដំណឹងអំពីការប្រកួតប្រជែងនេះ និងដោយពិនិត្យឃើញកត្តាសមស្របរបស់ភូមិធម្មជាតិរុនតាឯកនោះ ក្រុមការងារក៏បានដាក់ពាក្យទៅក្រសួងទេសចរណ៍ដើម្បីចូលរួម ក្រោយមានការត្រួតពិនិត្យបច្ចេកទេសរួចមក មន្ទីរទេសចរណ៍ខេត្តសៀមរាប បានចុះមកធ្វើការត្រួតពិនិត្យ និងវាយតម្លៃជំហានដំបូងផងដែរ។
លោកបន្តថា បន្ទាប់មកភូមិធម្មជាតិរុនតាឯក ក៏បានទទួលការចុះមកត្រួតពិនិត្យ និងវាយតម្លៃពីតំណាងក្រសួងទេសចរណ៍ដោយផ្ទាល់ ដែលភូមិធម្មជាតិរុនតាឯក ពិតជាមានបរិស្ថានល្អ ស្អាត អនាម័យខ្ពស់ មានផ្ទះស្នាក់ មានអាហារដ្ឋាន សៀវភៅមុខម្ហូបពុំមានប្រភេទគ្រឿងស្រវឹង និងបារី ថែមទាំងសកម្មភាពកសិកម្មពុំមានវត្តមានសារជាតិគីមី ហើយភូមិធម្មជាតិរុនតាឯក ក៏មានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរភូមិ ឃុំ/ស្រុកបន្ទាយស្រី និងអង្គការ GIZ ដែលគាំទ្រលើការបណ្តុះបណ្តាល និងបច្ចេកទេសផ្សេងៗ ក៏ដូចជាអង្គការ EDOTA ដែលធ្វើការលើការលើកស្ទួយផ្សព្វផ្សាយវិស័យទេសចរណ៍ប្រចាំស្រុកបន្ទាយស្រីផងដែរ។
សូមបញ្ជាក់ផងដែរថា កន្លងមកភូមិធម្មជាតិរុនតាឯក ក៏ធ្លាប់បានទទួលពានរង្វាន់ចំនួន០៤មកហើយ នាឆ្នាំ២០១៥-២០១៧ ដូចជា «ពានរង្វាន់សុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌», «ពានរង្វាន់អនាម័យ និងបរិស្ថាន», «ពានរង្វាន់ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា» និង «ពានរង្វាន់ ASEAN Homestay Standard (2017-2019)»៕