(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរាចំនួន៣០គ្រួសារ នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្នុងវត្តតិក្ខប្បញ្ញោ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ, អ្នកស្រី ឃឹម ស៊ុននី អភិបាលរងខណ្ឌ និងលោកស្រី អ៊ឹម ថាវី អនុប្រធានកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ ជាច្រើនកុះករផងដែរ។
អំណោយដែលចែកជូននៅពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មានទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆ្នាំងដាំបាយ កំសៀវទឹក ធុងទឹក បំពុងទឹកក្តៅ ជ្រុញ និងថវិកាចំនួន៥ម៉ឺនរៀល ព្រមទាំងអ្នកមានជំងឺ៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខសេក្តីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
ក្នុងឱកាសនេះដែរលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលតែងតែចូលរួម ឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ៕