(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានជំរុញដល់មន្រ្តីនគរបាលទាំងអស់ ពិសេសមន្រ្តីនគរបាលចំណុះឲ្យ នាយកដ្ឋានកណ្តាលសន្តិសុខ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ខណៈបច្ចុប្បន្ននៅតែមានជនអគតិមួយចំនួន បន្តយកប្រព័ន្ធមួយនេះប្រព្រឹត្តបទល្មើសផ្សេងៗ ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិទាំងមូលនោះ។
ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិ នៃនាយកដ្ឋានជំនាញចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា មន្រ្តីនគរបាលទាំងអស់មិនថា នៅអង្គភាពណានោះទេ ត្រូវចេះឲ្យបានច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យានេះ ព្រោះជនខិលខូចនៅតែបន្តយកប្រព័ន្ធនេះ ទៅប្រើប្រាស់ខុសគោលដៅ និងបង្កអសន្តិសុខផ្សេងៗជាដើម។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធបច្ចេកវិទ្យាពេលនេះ គឺជឿនលឿនបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយ នៅប្រទេសកម្ពុជា។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយក្នុងការគ្រប់គ្រង និងតាមដាន ហើយក្នុងនាមយើងជានគរបាលត្រូវតាមឲ្យទាន់ ក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតចេញពីប្រព័ន្ធបច្ចេកវិទ្យានេះ»។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ កម្ពុជាក៏កំពុងតាក់តែងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ដើម្បីការពារ និងទប់ស្កាត់នូវជនខិលខូច ដែលយកប្រពន្ធនេះទៅប្រើប្រាស់បទល្មើសផ្សេង ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ទៀតថា «កម្ពុជាកំពុងតែតាក់តែងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យានេះហើយ ហើយការបង្កើតនេះ ក៏មានការព្រួយបារម្ភពីសំណាក់សង្គមស៊ីវិលមួយចំនួន ដោយចោទរាជរដ្ឋាភិបាលថា ការបង្កើតនេះក្នុងគោលបំណងបំបិទសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែផ្ទុយទៅវិញ ការបង្កើតនេះ គឺមិនមែនដូច្នេះនោះទេ គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលប្រើប្រព័ន្ធទូរគមនាគមន៍នេះប្រសើរថែមទៀត ដើម្បីកុំឲ្យពួកឆ្លៀតឱកាសយកប្រព័ន្ធបច្ចេកវិទ្យានេះ ទៅបំផ្លាញការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយយើងការពារការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលដោយគ្មានការរំខាន»។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានរួមចំណែកក្នុងការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ ក្នុងកិច្ចដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យគួរជាទីមោទនៈ៕