(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសស្វាគមន៍រាល់ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពីសំណាក់អ្នកវិនិយោគមកពីខេត្ត Chongqing របស់ចិន។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក Zhou Kequin អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន គណៈកម្មាធិការខេត្ត Chongqing នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍ចំពោះវិនិយោគិនទាំងអស់មកពីខេត្ត Chongqing ដែលមានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសចិន (ខេត្តយូណាន) ព្រោះថាប្រទេសកម្ពុជាបានបង្កើតច្រកចេញចូលតែមួយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

 

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីក៏បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ វិថីមួយ និង ច្រករបៀងដឹកជញ្ជូនភាគខាងត្បូង ព្រោះគម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់នៅក្នុងតំបន់។

លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនគណៈប្រតិភូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្តោតលើការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃ និងប្រទេសចិនជាដើម។

សូមបញ្ជក់ថា លោក Zhou Kequin បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការកសាងច្រករបៀងដឹកជញ្ជូនភាគខាងត្បូង និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្ត Chongqing៕