(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រលើគម្រោងសំខាន់ៗមួយចំនួនរួមមាន៖ ការថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេពេញលេញស្ដីពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដាខេត្ត-ក្រុង គម្រោងផែនការមេដឹកជញ្ជូនសាធារណៈក្រុង ក៏ដូចជាចូលរួមគាំទ្រ និងសហការជាមួយនឹងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
សំណើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឆ្លើយតបសំណើនេះ លោកស្រី Durrani-Jamal បានសម្តែងនូវឆន្ទៈរបស់ខ្លួន ក្នុងការបន្តសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលសុំឱ្យពិនិត្យលើផែនការគម្រោងរបស់ ADB។
ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី បានពិភាក្សាលើគម្រោងកំពុងបន្តជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតជាសំខាន់លើអាងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។ លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់បញ្ហាកង្វល់ បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ទទួលបានពីការអនុវត្តគម្រោងផ្សេងៗដែលខ្វះការសិក្សា និងការរៀបចំផែនការគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយតម្រូវការនៃកំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសផងដែរ។
ក្រៅពីបញ្ហាខាងលើលោកស្រី Durrani-Jamal ក៏បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីពីគម្រោង និងសកម្មភាពថ្មីៗបំផុតជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកំពុងធ្វើផែនការ និងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើផែនការនគរូបនីយកម្ម។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានបន្តគាំទ្រ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា៕