(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញស្ថាប័នពាក់ព័ន្ធ បានរួមសហការគ្នា បើកធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដើម្បីពង្រឹងគុណភាជួយសង្គ្រោះ ពេលយន្តហោះជួបគ្រោះអាសន្នជាយថាហេតុណាមួយបានកើតឡើង។
ទាក់ទឹនបញ្ហានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជូនដំណឹងពីការធ្វើលំហាត់សមយុទ្ធខាងលើនេះ ជូនដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរព្រលានយន្តហោះអន្តជាតិខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ព្រមទាំងសាធារណៈជនទូទៅ ឱ្យបានដឹងជាព័ត៌មាន និងកុំឱ្យមានការភ័ណ្ឌច្រឡំ ឬកុំឱ្យមានការភិតភ័យ និងកុំឱ្យមានការភ្ញាក់ផ្អើលផងដែរ។
មន្ត្រីអាកាសចរស៊ីវិល ឱ្យដឹងបន្តថា លំហាត់សមយុទ្ធរួមគ្នានេះ បានចាប់ពីផ្តើមកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធបានចូលរួមអនុវត្តការងារសង្គ្រោះនេះ។
មន្ត្រីរៀបចំកម្មវិធីឱ្យដឹងទៀតថា សមយុទ្ធខាងលើ គឺជាលំហាត់សមយទ្ធទ្រងទ្រាយធំ សម្រាប់គ្រប់គ្រងគ្រោះអាសន្ន ដែលមានគ្រប់អង្គភាពពាក់ព័ន្ធ កងការពារ កងសង្គ្រោះ និងគ្រប់ផ្នែកបានចូលរួមជាមួយគ្នា តាមរបៀបចុះអនុវត្តសប្បនិម្មិត។
សូមបញ្ជាក់ថា ស្របពេលជាមួយនឹងការចាប់ផ្តើមសមយុទ្ធនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយខុសពីការពិត ដោយយល់ច្រឡំថា មានការធ្លាក់យន្តហោះ នៅព្រលានយន្តហោះខេត្តព្រះសីហនុ បណ្តាលឱ្យមានអ្នករងរបួស៩៦នាក់ ប៉ុន្តែព័ត៌មាននេះ ត្រូវបានលុបចេញភ្លាមៗវិញផងដែរ៕