(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំសិក្ខាសាលា ស្តីពីការបញ្ជ្រាបចំណេះដឹង អំពីការកាត់បន្ថយការញ៉ាំភេសជ្ជផ្អែម ជំងឺទឹកនោមផ្អែក ដង្កូវស៊ីធ្មេញ និងជំងឺបេះដូង ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
លោកស្រី កែវ សុខពិសី បានគូសបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ពីពេលនេះតទៅរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការផ្តួចផ្តើមថ្មីមួយ ស្ដីពីការបញ្ជ្រាបការយល់ដឹងពីការកាត់បន្ថយការទទួលទានភេសជ្ជផ្អែម ជាសកម្មភាពមួយ នៃភាពជាដៃគូ ដើម្បីសុខមាលភាពទីក្រុង ដែលជាបណ្ដាញពិភពលោកនៃទីក្រុង ខិតខំកាត់បន្ថយជំងឺមិនឆ្លង និងរបួស។
លោកស្រីអះអាងថា ភាពជាដៃគូត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៧ និងដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង និងអតីតអភិបាលក្រុងញូវយ៉ក Michael Bloombemg។ អភិបាលរងរាជធានីភ្នំពេញ បន្ថែមថា ដើម្បីកាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺ សរសៃឈាមបេះដូង រដ្ឋបាលរាជធានីភ្នំពេញ បញ្ជ្រាបការយល់ដឹងអំពីការកាត់បន្ថយ ការទទួលទានភេសជ្ជផ្អែម ក្នុងចំណោមប្រជាពលរដ្ឋកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសផ្តោតទៅលើសិស្សសាលា ដោយត្រូវបានបង្ហាញនៅលើប៉ាណូធំៗ តាមមហាវិថី។
បើតាមលទ្ធផល នៃការអង្កេតជាមូលដ្ឋានអំពីការប្រើប្រាស់ភេសជ្ជផ្អែម ក្នុងចំណោមប្រជាជននៅរាជធានីភ្នំពេញ ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គោលបំណងនៃការធ្វើអង្កេតនេះដើម្បីប៉ាន់ប្រមាណឥយាបថ នៃការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកំណត់ពីឥរិយាបថ នៃអ្នកប្រើប្រាស់ភេសជ្ជផ្អែម ក្នុងការវាយតម្លៃចំណេះដឹងអំពីភេសជ្ជផ្អែម និងផលប៉ះពាល់សុខភាព ដែលបណ្តាលមកពី ភាពជាក់ស្ដែង ហើយកំណត់ពីការធ្វើលំហាត់ប្រាណ អំពីមតិរបស់សាធារណៈជនឆ្ពោះទៅរកគោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាល។
ចំនួនអ្នកចូលរួមក្នុងការសិក្សា មានចំនួន១,០៣៦នាក់ អាយុពី១៨ ដល់៥៥ឆ្នាំ និងភូមិចំនួន៣០ក្នុងរាជធានីភ្នំពេញ។ ការធ្វើសម្ភាសន៍នេះ ត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល។
ក្នុងបទបង្ហាញក៏បានបញ្ជាក់ថា ពេលដែលទទួលទានភេសជ្ជផ្អែម ធ្វើឲ្យពួកយើងមានអារម្មណ៍មិនឃ្លាន និងបរិភោគតិចជាងមុន។ ជាមធ្យមសូដា ភេសជ្ជផ្អែម១កំប៉ុង មានជាតិស្ករប្រមាណ១០ស្លាបព្រាកាហ្វេ លើសពីកម្រិតអង្គការសុខភាពពិភពលោក កំណត់ប្រមាណ៦ស្លាបព្រាកាហ្វេ ក្នុង១ថ្ងៃ។ ការបរិភោគភេសជ្ជផ្អែម អាចកើតមានហានិភ័យ ការធាត់ ទឹកនោមផ្អែម ដង្កូវ ស៊ីធ្មេញ ជំងឺបេះដូងជាដើម ហើយផលប៉ះពាល់សុខភាព កើតលើប្រជាជនកម្ពុជា អាយុ២៥ ទៅ៦៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់២០១៦។ ការអង្កេតសុខភាព លើសិស្សកម្ពុជាក្នុងឆ្នាំ២០១៣ មាន៤២ភាគរយ នៃសិស្សបានផឹកភេសជ្ជផ្អែម។
ដោយឡែកទីក្រុង និងប្រទេស ដែលបង្កើតគោលនយោបាយបានដោយជោគជ័យ ក្នុងការកាត់បន្ថយការទទួលទាន ភេសជ្ជផ្អែម គឺតាមរយៈការយកពន្ធបន្ថែម លើភេសជ្ជផ្អែម, កាត់បន្ថយការផ្សាយពាណិជ្ជកម្ម ដែលមានឥទ្ធិពលទៅលើការទទួលទានរបស់កុមារ, រៀបចំមន្ទីរពេទ្យគំរូ សាលារៀនគំរូ និងអង្គការដទៃទៀតដែលគាំទ្របរិស្ថាន ចំណីអាហារមានសុវត្ថិភាព៕