(ភ្នំពេញ)៖ ដើម្បីជាការទាក់ទាញដល់អ្នកវិនិយោគទុនមកពីទីក្រុងហុងកុងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលំអបរិយាកាសវិនិយោគ និងការលើកទឹកចិត្តនានាដល់អ្នកវិនិយោគបរទេស។ ក្នុងនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាត្រូវបានលើកកម្ពស់ និងត្រូវបានសាងសង់ឡើងយ៉ាងប្រទាក់ក្រឡាគ្នាផងដែរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
ការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលរូបលោកបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង ដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាពាណិជ្ជកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមបណ្តាញព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូអំពីបរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ដែលបានធ្វើការវិនិយោគពីបរទេសមានការកើនឡើងនៅកម្ពុជា។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបានកត់សម្គាល់អំពីកាលានុវត្តភាពជាច្រើនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀត ខណៈពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននាពេលបច្ចុប្បន្ន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍ទីក្រុងហុងកុង ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការវិនិយោគពីវិស័យឯកជនរបស់ទីក្រុងហុងកុង និងប្រជាជនកម្ពុជា៕