(ភ្នំពេញ)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ លោកបណ្ឌិត សាបូ អូហ្សាណូ តាងនាមថ្នាក់ដឹកនំា សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតទាំងអស់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចូលរួមអបអរសាទរ ចំពោះការដាក់បញ្ចូល «ល្ខោនខោល» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
លោកបណ្ឌិត សាបូ អូហ្សាណូ កោតស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ដែល «ល្ខោនខោល» ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីយ របស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីយ នៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ ទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកសាកលវិទ្យាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូនេះ គឺជាមោទនភាព និងជាស្នាដៃថ្មីមួយទៀត របស់លោកជំទាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល៕