(ភ្នំពេញ)៖ ជុំវិញករណីបុរសម្នាក់បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងតាង៉ូវ ផ្លូវលេខ៦៦៦A1 ស្ថិតក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅនោះ ត្រូវបានស្គាល់អត្ដសញ្ញាណហើយ ជាអនុប្រធាននាយកដ្ឋានព្រំដែនគោក។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា បុរសដែលបាញ់កាំភ្លើងនោះ ឈ្មោះ ប្រាក់ តូចវាសនា អាយុ៣៣ឆ្នាំ ជាមន្ដ្រីនគរបាល មានតួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក ហើយជុំវិញការបាញ់កាំភ្លើងនេះ ក៏ដោយសារតែខ្លួនខឹងសម្បារយ៉ាងខ្លាំងទៅនឹងក្រុមចោរ ដែលបានលួចកញ្ចក់រថយន្ដរបស់ខ្លួន ម៉ាក Nissan Navara ហើយការបាញ់នេះជាទៀតសោត គឺដើម្បីគំរាមក្រុមចាប់ខ្លួនក្រុមចោរតែប៉ុណ្ណោះ។
ប៉ុន្ដែទោះយ៉ាងណា នៅពេលកើតហេតុភ្លាម មន្ដ្រីនគរបាលជាអនុប្រធាននាយកដ្ឋានរូបនេះ ក៏ត្រូវកម្លាំងនគរបាលហៅមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅផងដែរ។
សូមជម្រាបថា នៅមុនពេលកើតហេតុ គេឃើញមន្ដ្រីនគរបាលខាងលើ ជិះរថយន្តម៉ាក Nissan Navara ពណ៌ស គ្មានស្លាកលេខ ចេញពីកម្មវិធីជប់លៀង ផ្ទះមិត្តភ័ក្រនៅខណ្ឌដង្កោ ត្រលប់មកផ្ទះវិញ រួចក៏ទុករថយន្តនៅក្រៅរបងមុខផ្ទះឡើងទៅលើផ្ទះជាន់ទី១ដើម្បីដូរសំលៀកបំពាក់ ស្រាប់តែមើលតាមបង្អួច ចុះមកក្រោមក៏ឃើញមនុស្សប្រុសម្នាក់កំពុងឈរ នៅក្បែរកញ្ចក់ចំហៀងឆ្វេងរថយន្ត ទើបមន្ដ្រីនគរបាលរូបនោះ ដកកាំភ្លើងបាញ់ ចំនួន២គ្រាប់។
ក្រោយមកមន្ដ្រីនគរបាលរូបនោះ ក៏ចុះមកក្រោមតែបាត់មនុស្សប្រុសដែលឈរក្បែររថយន្តរកមិនឃើញ ទើបមានចិត្តខឹងកាន់តែខ្លាំង បាញ់នៅលើផ្លូវឡើងលើ៥-៦គ្រាប់ទៀតតែម្ដង ដើម្បីគំរាមដល់ក្រុមចោរ៕