(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំ​ពេញមួយយប់ ដោយបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦ករណី ឃាត់ខ្លួនជនជាតិបរទេស៩នាក់ (ភាគច្រើនជនជាតិចិន) និងដកហូតបានថ្នាំញៀនចំនួន១២២កញ្ចប់។

លោកឧត្ដមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង​នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដោយប្រើប្រាស់ពេលពេញមួយយប់ ដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ សួស សីលា ​នាយ​ការិយាល័យ​នគរបាលប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី លោក ហួត​ វិចិត្រ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ករណី​ទី​១​៖​ ស្ថិតនៅក្រុមទី២ ភូមិ២ សង្កាត់លេខ​១​ ក្រុង​ព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ឃាត់ខ្លូនជនសង្ស័យ​ម្នាក់ ឈ្មោះ HUA YUNJIAAN អាយុ៣៧ឆ្នាំ ជនជាតិចិន​ ភេទប្រុស មុខរបរធ្វើការអនឡាញ​ វត្ថុតាងដកហូតបាន​ ម្សៅក្រាម​ ពណ៌ស​ថ្លា​​​ចំនួន​៤កញ្ចប់​ ទូរ​ស័ព្ទ១គ្រឿង​។

ករណី​ទី​២៖ ស្ថិតនៅក្រុមទី​១១ ភូមិ១​ សង្កាត់លេខ២ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លូនជនសង្ស័យម្នាក់​ ឈ្មោះ Jin yoagnian ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យក​បានម្សៅក្រាម​ព​ណ៌​ស​ចំនួន​១៤កញ្ចប់​ ​​និង​ទូរស័ព្ទ២គ្រឿង។

ករណី​ទី​៣៖​ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ឈ្មោះ De Xu ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបានម្សៅក្រាម​ពណ៌ស​ថ្លា​ចំនួន៩កញ្ចប់ធំ​ និង​ WY ចំនួន​៣គ្រាប់​ ទូរ​ស័ព្ទ១គ្រឿង។

ករណី​ទី​៤៖ ​ស្ថិតនៅក្រុម​ទី​៨​ ភូមិ១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស គ្រឿងញៀន​១ករណី ឃាត់ខ្លូន​​ជនសង្ស័យម្នាក់ ​ឈ្មោះ FAN Chao ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិចិន​ ចាប់​យក​បាន​ ម្សៅក្រាម​ពណ៌ស​ថ្លា​​​ចំនួន​​៩កញ្ចប់ធំ​ ទូស័ព្ទ១គ្រឿង។

ករណី​ទី​៥៖​ ស្ថិតនៅភូមិ៤​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើសគ្រឿងញៀន​១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ ​ឈ្មោះ Zhou Yang ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិចិន​ មុខរបរមិនពិតប្រាកដ​ ចាប់​យកបាន​ម្សៅក្រាម​ពណ៌ស​ចំនួន​២៥​កញ្ចប់, WY​២៦​គ្រាប់, ​MDMA​៥គ្រាប់, កញ្ឆាមូរ​​ជាបារីហើយមាន​ ចំនួន៣​ ដើម​ និងទូរស័ព្ទ១គ្រឿង។

ករណី​ទី៦៖ ឈាន​ថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៨​ ស្ថិតនៅក្រុមទី​៩​ ភូមិ១ សង្កាត់លេខ៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ចំនួន​​២ករណីផ្សេងៗគ្នា​ តែជាក្រុមតែមួយ​​មានទីតាំងដូចខាងលើ​ ឃាត់ខ្លូនជនសង្ស័យចំនួន៥នាក់​ ជនសង្ស័យ​ឈ្មោះ Hua Zai និងឈ្មោះ Chee Kiang ហើយក៏បន្ត​ចូលឆែកឆេផ្ទះជួល​នៅ​ សង្កាត់លេខ២ ឃាត់ខ្លូនជនសង្ស័យ​ចំនួន​​​៣​នាក់​ ថែម​ទៀត ឈ្មោះ Melvin Foo, ឈ្មោះ Da ren និងឈ្មោះ William Ricardo (អ្នក​ទាំង​៥ មាន​ជនជាតិ​ម៉ា​ឡេស៊ី​៣នាក់​ សឹង្ហ​បុរីម្នាក់ និង​​ឥណ្ឌូ​នេស៊ីម្នាក់។ វត្ថុធាតុ​តាង​​ចាប់​យក​បាន​ មាន​ម្សៅក្រាម​ពណ៌សថ្លា​ ចំនួន៧៨កញ្ចប់​ ថ្នាំ​សប្បាយ​ ចំនួន៦គ្រាប់​ Wy​៥គ្រាប់​ កញ្ចប់​១​កញ្ចប់ធំ កញ្ឆាកាហ្វេ​ សង្ស័យជាសាធាញៀន​ ចំនួន៨កញ្ចប់​ ថ្នាំសប្បា​យប្រភេទទឹក​ ចំនួន៣ដប​ ជញ្ជីង​ថ្លឹង​១ និង​ទូរស័ព្ទ​៣​គ្រឿង។​

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី៕​