(កំពង់ចាម)៖ អភិបាលស្រុកព្រៃឈរ លោក ឡោ ចាន់លី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សំណង់ស្ថានីយ៍ប្រេងអត់ច្បាប់មួយកន្លែង នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរនោះ បានផ្អាកការសាងសង់ បន្ទាប់ពីមានចំណាត់ការពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីចុងខែតុលាកន្លងទៅនេះ ប៉ុន្តែម្ចាស់សំណង់មិនធ្វើការរុះរើទេ។
លោក ឡោ ចាន់លី បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ចាម បានចេញលិខិតជំរាបជូន លោក ហ៊ុយ ម៉េងហុង ម្ចាស់សំណង់ថា សំណង់នោះ ពុំមានច្បប់អនុញ្ញាតសាងសង់ ហើយសាងសង់ខុសច្បាប់នគរូបនីយកម្មបញ្ញត្តិ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់ បាត់បង់សោភ័ណភាព សាធារណៈ ហើយលិខិតនោះតម្រូវឲ្យម្ចាស់សំណង់រុះរើ ឲ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ជាកំហិត។
ក្នុងករណីម្ចាស់សំណង់ មិនរុះរើសំណង់នោះទេ រដ្ឋបាលខេត្តកំពង់ចាម និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ហើយពុំទទួលខុសត្រូវរាល់ការខាតបង់ និងខូចខាតចំពោះការរុះរើសំណង់នេះឡើយ។
លោក ឡោ ចាន់លី បានអះអាងទៀតថា លិខិតជូនដំណឹងនេះ បន្ទាប់ពីសាម៉ីខ្លួនបានទទួល លុះដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្ចាស់សំណង់ បានផ្អាកការសាងសង់ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ម្ចាស់សំណង់មិនទាន់ធ្វើការរុះរើសំណង់នោះទេ ហើយចំពោះវិធានការបន្តលោកកំពុងរងចាំ ចំណាត់ការបន្តពីលោកអភិបាលខេត្ត។
ពាក់ព័ន្ធសំណង់នេះដែរ តាមមន្ត្រីជំនាញថា ស្ថានីយ៍ថ្មីអាចអនុញ្ញតឲ្យសាងសង់ បានលុះត្រាតែមានគម្លាតពីគ្នាចាប់២០០ម៉ែត្រឡើងទៅ ដូច្នេះសម្រាប់ស្ថានីយ៍ថ្មី គឺនៅទល់មុខគ្នា ជាមួយស្ថានីយ៍ចាស់ ពោលមន្ត្រីជំនាញមិនអនុញ្ញតឲ្យធ្វើការសាងសង់នោះទេ។ សំណង់នោះ លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ក៏ធ្លាប់បានឲ្យដឹងដែរថា លោកធ្លាប់បានធ្វើលិខិតហាមឃាត់ម្ចាស់សំណង់នោះដែរ និងធ្លាប់អញ្ជើញ ម្ចាស់សំណង់មកធ្វើកិច្ចសន្យារួចហើយ ឲ្យរុះរើសំណង់នោះវិញ ដោយមិនអនុញ្ញតឲ្យសាងសង់នោះទេ៕