(ភ្នំពេញ)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ នៅសង្កាត់រលួស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី ព្រះសង្ឃ និងមន្ដ្រីរាជការជាច្រើនរូបផងដែរ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរ យកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ កុមារកំព្រាជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានា ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នា លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត៕