(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍នព្វមាស (៩ខែ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅសាលារាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក មាន ចាន់យ៉ាដា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ និងតំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។
លោក មាន ចាន់យ៉ាដា អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បានថ្លែងថា បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាស្មុគស្មាញ ដែលតម្រូវឲ្យខិតខំរួមគ្នាដោះស្រាយ។ លោកអភិបាលរង បានស្នើឲ្យគ្រប់អ្នកពាក់ព័ន្ធ គ្រប់ជំនាញទាំងអស់ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ខណ្ឌ១២ សង្កាត់១០៥ ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ចំពោះវិជ្ជាជីវៈ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ខណ្ឌ១២ សង្កាត់១០៥ ដែលបានតស៊ូបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀន និងការជំរុញអ្នកញៀនគ្រឿងញៀន ទៅទទួលការព្យាបាល នៅតាមមណ្ឌលសុខភាព មន្ទីរបង្អែក មន្ទីរពេទ្យជាតិទាំងអស់ ទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា បញ្ហាគ្រឿងញៀន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍៖
១៖ ជំរុញសកម្មភាពគណៈកម្មការ សម្របសម្រួលការងារ ព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅគ្រប់សង្កាត់១០៥ ដើម្បីបញ្ជូនអ្នកញៀន ទៅទទួលយកការព្យាបាល នៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។
២៖ ខិតខំកសាងជនបង្គោល សម្រាប់ការងារផ្សព្វផ្សាយ ផ្តល់ការយល់ដឹងទៅគ្រប់គោលដៅទាំងអស់ ពិសេសគោលដៅក្លឹបកម្សាន្តសប្បាយ ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល សិស្សអវត្តមានពីការសិក្សាច្រៀន ជនមិនមានមុខរបរច្បាស់លាស់ អ្នកបើកបរ និងតំបន់មិនទាន់រៀបរយជាដើម -ល-។
៣៖ បន្តចាត់វិធានការ ការអនុវត្តវិធានការរដ្ឋបាល ឲ្យបានតឹងរ៉ឹងអនុវត្តច្បាប់កុំឲ្យជនល្មើស ឆ្លៀតឱកាសប្រព្រឹត្តបទល្មើស ជ្រកក្រោមស្លាកសញ្ញា អាជីវកម្មគ្រប់ប្រភេទ។
៤៖ សុំឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ «បំពេញការងារតាម តួនាទីភារកិច្ច កុំចាំតែបទបញ្ជា»៕