(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានលើកឡើងថា ទិវាកំណើតរណសិរ្ស២ធ្នូ ជាប្រវត្តិសាស្ត្រដែលបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញរួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។
ការលើកឡើងបែបនេះរបស់លោក មាស ប៊ុនឡី បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំពោធិ៍រាជ ដើម្បីរំលឹកខួបកំណើតរណសិរ្យ២ធ្នូ។
ជាមួយគ្នានេះដែរ លោក មាស ប៊ុនឡី បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុកពីសំណាក់លោក ចៅ ភិរុណ ជាប្រធានក្រុមការងារ គណបក្សប្រជានកម្ពុជា ចុះជួយស្រុកស្វាយជ្រុំ ដល់អង្គពិធីផងដែរដោយលោកបានរំលេចថាលោកប្រធានក្រុមការងារ តែងតែនឹករលឹកដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់នៅស្រុកស្វាយជ្រុំ។
លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅចងចាំបានថា រណសិរ្ស២ធ្នូគឺជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា ស្របនឹងទិសស្លោកជាសច្ចធម៌ជាប្រវត្តិសាស្ត្រដែលថាមានថ្ងៃ២ធ្នូទើបមានថ្ងៃ៧ មករា មានថ្ងៃ៧ មករាទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។ យើងត្រូវចងចាំថាអ្នកមានគុណដែល បានសង្គ្រោះជីវិត បានហូបទឹកមិនភ្លេចប្រភពទឹកបានហូបផ្លែឈើមិនភ្លេចអ្នកដាំ។
ក្នុងឱកាសនោះប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជរូបនេះ ក៏បានជំរុញដល់សមាជិកសមាជិការត្រូវបន្តធ្វើអំពើល្អ និងយកចិត្តទុកដាក់ចំពោះការងារបក្សនៅមូលដ្ឋានក្តាប់ឱ្យបានសភាការណ៍ជាក់ស្តែងអំពីសុខទុក និងតម្រូវការរបស់ប្រជាពលរដ្ឋ និងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលាម៉្យាងវិញទៀត ត្រូវចេះកៀរគរសមាជិកបក្សថ្មីបន្ថែមទៀត មិនត្រូវប្រកាន់និន្នា ការបក្សនយោបាយនោះទេ ឱ្យតែគេស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនយើង និងទទួលជានិច្ចជាពិសេសក្រុមយុវជន ដែលគ្រប់អាយុបោះឆ្នោត៕