(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគចិនពីទីក្រុងឆុងឈីង ហើយរាជធានីភ្នំពេញ មានសក្តានុពលយ៉ាងខ្លាំង ជាពិសេសការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ផ្នែកសំណង់ ទេសចរណ៍ អប់រំ ពាណិជ្ជកម្ម កសិកម្មជាដើម។
ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញក្នុងឱកាសលោកបានជួបពិភាក្សា ការងារជាមួយលោក ចូវ គីឈីង អនុប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិន ទីក្រុងឆុងឈីង នៅក្នុងជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងឆុងឈីង លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះ៖ «សក្តានុពល ដែលរាជធានីភ្នំពេញមាន ជាពិសេសការវិនិយោគលើវិស័យផ្សេងៗ ដូចជា៖ ផ្នែកសំណង់ ទេសចរណ៍ អប់រំ ពាណិជ្ជកម្ម កសិកម្មជាដើម ហើយរាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង»។
លោកអភិបាល បានបន្តថា ដំណើរទស្សនកិច្ចរបស់លោកចូវ គីឈីង និងប្រតិភូនៅរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីការ រិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទីក្រុងឆុងឈីង ជាទីក្រុងសម្ព័ន្ធភាព នឹងគ្នាដែលបានចុះអនុស្សរណៈ ជាមួយគ្នាតាំងពីឆ្នាំ២០០៤មក និងស្របពេល នៃឆ្នាំខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ចិន ផងដែរ។
លោក ឃួង ស្រេង បានស្នើទៅភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣លាននាក់ របស់ប្រទេសចិន ឱ្យពិនិត្យលទ្ធភាព ក្នុងការជួយសាងសង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែ របស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទ B.O.T ក៏បាន។
ក្នុងឱកាសនេះដែរលោក ចូវ គីឈីង ក៏បានបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងឆុងឈីង នាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិន ចាត់ទុកថា ជាកន្ទុយនាគ ឯទីក្រុងសៀងហៃ ជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេ ធ្វើជាគោល។ ឆុងឈីង ជាទីក្រុងឧស្សាហកម្មដ៏ សំខាន់មួយរបស់ចិន ដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង ផលិតកុំព្យូទ័របានប្រមាណ៦០លានគ្រឿង ក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។
លោក ចូវ គីឈីង ក៏បានអញ្ជើញលោក ឃួង ស្រេង ទៅធ្វើទស្សនកិច្ចនៅទីក្រុងឆុងឈីង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍ ទីក្រុងកាន់តែឆាប់កាន់តែល្អ។ លោក ឃួង ស្រេង បានសម្រេចទទួលយកសំណើនេះ ហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ ខាងមុខនេះ៕