Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពនៅសាលានាយទាហានសកម្មខេត្តកំពង់ស្ពឺ ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះជីវិត​មនុស្ស

30-11-2018 11:37

(កំពង់ស្ពឺ)៖ ក្រោយបទបញ្ជារបស់ នាយរងសេនាធិការចម្រុះ នាយកសាលានាយទាហានសកម្ម, ឧត្តមសេនីយ៍ទោ ជា សារ៉ាត់ នាយករងសាលា និងលោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យ បច្ចេកទេស នៃក្រសួងសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ច្រើនដង» នៅសាលានាយទាហានសកម្ម។

ការបរិច្ចាគឈាមនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះមិនមែនជាលើកទី១ទេ សម្រាប់សាលាក្នុងសកម្មភាពផ្តល់ឈាម ដោយស្ម័គ្រចិត្តរបស់មន្រ្តី និងនិស្សិតនាយទាហានសកម្មទាំងអស់ក្នុងអង្គភាព គិតចាប់ពីឆ្នាំ២០០៥មកម៉្លេះ។

សូមបញ្ជាក់ថា បើយោងតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News​ ថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាពិតជាមានត្រូវការខ្ពស់ ក្នុងការសេវាផ្តល់ឈាម និងខ្វះធនធានបុគ្គលិកផ្នែកនេះ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា នៅរៀងរាល់ថ្ងៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ត្រូវការឈាមចំនួន២០០ប្លោក ដើម្បីយកទៅពិនិត្យរកមេរោគ ឬកែច្នៃឈាមទាំងនោះ ឲ្យសមស្របទៅតាមបច្ចេកបន្ថែម មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋនានា នៅក្នុងប្រទេសកម្ពុជា។

ការផ្ដល់ឈាមពិតជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស ឲ្យរួចផុតពីសេចក្ដីស្លាប់។ ក្នុងនោះដែលមជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាលានាយទាហានសកម្ម ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះឡើង៕