(ក្រចេះ)៖ នៅលើផ្លូវដែលឆ្លងកាត់ឧបសគ្គមួយចំនួន ក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងអស់មួយថ្ងៃ មួយយប់ ក៏បានបង្ហាញអារម្មណ៍ហត់ និងអស់កម្លាំងបន្ដិចបន្តួចផងដែរ ប៉ុន្ដែលោកថា ការហត់ និងអស់កម្លាំងនេះ មិនទាន់ស្មើនូវអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនលះបង់នោះទេ។
លោក ហ៊ុន ម៉ានី ដែលកំពុងតែដឹកនាំយុវជនប្រមាណ៧០០នាក់ ក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» នេះ ក៏បានគូសបញ្ជាក់ថា នៅលើផ្លូវដែលលោក និងយុវជនជាច្រើនទៀតកំពុងធ្វើដំណើរ មិនមានគ្រាប់មីន និងនៅក្នុងកាលៈទេសៈមួយដែលប្រទេសមានសន្តិភាព ហើយលោកយល់ច្បាស់ថា យុវជនរួមដំណើរនឹងមិនមានអ្វីកើតឡើងឡើយ ខុសពីថ្នាក់ដឹកនាំជំនាន់មុន ដែលអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។
តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖
«ខ្ញុំហត់ ខ្ញុំអស់កម្លាំង ប៉ុន្តែខ្ញុំមិនហត់នឹងការគិត គឺការគិតត្រឡប់ទៅអតីតកាល៤០ឆ្នាំមុន ដែលថ្នាក់ដឹកនាំយើងបានលួចឆ្លងកាត់វាលនេះទាំងយប់ ដោយមិនដឹងទាំងស្លាប់ ឬរស់ផង ក្នុងបុព្វហេតុស្វែងរកការរំដោះជាតិ មាតុភូមិ ចេញពីក្រញ៉ាំខ្មែរក្រហម។ ខ្ញុំហត់ ខ្ញុំអស់កម្លាំង ប៉ុន្តែខ្ញុំកំពុងដើរនៅលើផ្លូវមួយដែលមិនមានគ្រាប់មីន និងនៅក្នុងកាល:ទេស:មួយដែលមានសន្តិភាព។ ខ្ញុំយល់ច្បាស់ថា ខ្លួនខ្ញុំ និងយុវជនរួមដំណើរនឹងមិនមានអ្វីកើតឡើងឡើយ។ ខុសពីនេះ ថ្នាក់ដឹកនាំជំនាន់មុន ពិតជាមិនមានចម្លើយឡើយចំពោះបញ្ហានេះ ក្នុងពេលដែលពួកគាត់ទាំងនោះ កំពុងដើរនៅលើផ្លូវនេះដូចគ្នា។ ខ្ញុំហត់ ខ្ញុំអត់កម្លាំង ប៉ុន្តែខ្ញុំដឹងថា គ្រួសារខ្ញុំ និងគ្រួសារកម្ពុជាទាំងមូលកំពុងមានសេចក្តីសុខ ក្នុងពេលដែលខ្ញុំកំពុងតែដើរលើផ្លូវនេះ។ ខុសពីនេះ ថ្នាក់ដឹកនាំជំនាន់មុន ពិតជាមិនមានអារម្មណ៏ដូចខ្ញុំនៅពេលនេះឡើយ។ ប៉ុន្តែ វិនាទីចុងក្រោយ ថ្នាក់ដឹកនាំយើងនៅពេលនោះ ពិតជាអាចធ្វើបាន។ ចុះយុវជនយើងជំនាន់នេះ?»។
សូមជម្រាបថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។
មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តអោយមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ៕