(ព្រះសីហនុ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ សម្រាប់គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise KOE-EX18) សំដៅធ្វើការហ្វឹកហ្វឺនសាកល្បងដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា ដែលមានការពាក់ព័ន្ធ ដើម្បីជាបទពិសោធន៍លើការជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះមហន្តរាយយន្តហោះ ដែលកើតឡើងជាយថាហេតុ នៅក្នុង ឬជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហុន។
លំហាត់សមយុទ្ធនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ជាសិប្បនិមិ្មត ប្រធានបទនៃការធ្លាក់យន្តហោះក្នុងអាកាសយានដ្ឋាន ព្រមទាំងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនានា រថយន្តពន្លត់អគ្គិភ័យនៅជុំវិញខេត្តព្រះសីហនុ។
ក្នុងពេលធ្វើលំហាត់សមយុទ្ធនេះ មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា នៅជុំវិញខេត្តព្រះសីហនុ ដូចជា៖ កម្លាំងប្រដាក់អាវុធ កងនគរបាលខេត្ត ក្រុមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនានា រថយន្តពន្លត់អគ្គិភ័យ។ ដើម្បីចៀសវាងនូវការភាន់ច្រឡំ ពីសាធារណជនទៅទូទាំងប្រទេសកម្ពុជា និងជាពិសេសនៅខេត្តព្រះសីហនុ និងភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រួតជ្រាបកុំឱ្យមានការភិតភ័យ និងចៀសវាងការភាន់ច្រឡំណាមួយដែលនាំឱ្យជនឱកាសនិយមឆ្លៀត ឱកាសធ្វើសកម្មភាព ឬផ្សព្វផ្សាយនូវព័ត៌មានមិនពិតបង្កចលាចលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ៕