(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអភិបាលខណ្ឌ បានបន្តអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះក្នុងមូលដ្ឋាន ចំនួន៣៥គ្រួសារ ព្រមទាំងបានពាំនាំយកនូវគ្រឿងបរិភោគ រួមជាមួយថវិកា ផងដែរ ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនក្នុងការជួយដោះស្រាយសម្រាលនូវការខ្វះខាតផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពមនុស្សធម៌ របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោក ជា ពិសី ខាងលើនេះដែរ មានការរួមដំណើរពីលោក-លោកស្រី ជាសហការីមន្ត្រីរាជការខណ្ឌ សង្កាត់ជាច្រើនរូបទៀត ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការសួរសុខទុក្ខនេះ លោក ជា ពិសី បានលើកឡើងថា ចំពោះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលតែងតែបាននាំយកនូវ អំណោយរបស់អនុសាខា ក៏ដូចជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ គឺសម្រាប់ចែកជូនចំពោះតែអ្នកក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃផ្សេងៗ «ពោលគឺជាជនងាយរងគ្រោះ។ល។
លើសពីនេះ លោក ជា ពិសី ក៏បានបញ្ជាក់ថា ជានិច្ចជាកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្ដាំផ្ញើសាកសួរសុខទុក ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ រហូតដល់អាជ្ញាធររាជធានីភ្នំពេញ ដោយសារសុខទុករបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ ទទួលបានសុខសន្តិភាព រីកចម្រើនឥតឈប់ឈរជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ គឺជាសុខទុក្ខរបស់លោកទាំង២៕