(កំពត)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត លោក ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត បានផ្សព្វផ្សាយ ស្តីពីសារប្រយោជន៍ នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដល់បណ្តាវិស្វករនៅទូទាំងខេត្តកំពត។
ក្នុងពិធីផ្សព្វផ្សាយខាងលើលោក ជាវ តាយ បានលើកឡើងថា ការចុះបញ្ជីនៅគណៈវិស្វករកម្ពុជានេះ ជាកិច្ចការមួយដ៏សំខាន់ព្រោះយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាព ក៏ដូចជា ធនធានបញ្ញាវន្តនៃវិស្វករជាតិថា តើយើងអាចបំពេញតម្រូវការសេដ្ឋកិច្ចបានត្រឹមកម្រិតណា ហើយត្រូវកែលម្អបំពេញបន្ថែមលើចំណុចខ្វះខាតបានយ៉ាងដូចម្តេច។ ដូច្នេះ វិស្វករគ្រប់រូបដែលកំពុង និងមានបំណងបំពេញវិជ្ជាជីវៈវិស្វកម្ម នៅកម្ពុជា ត្រូវមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ឬក៏ចុះបញ្ជីក្នុងក្រុមប្រឹក្សាគណៈវិស្វករខេត្តជាចាំបាច់ពេលដែលក្រុមប្រឹក្សានេះត្រូវបានបង្កើតជាផ្លូវការ។
លោក ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងថា គណៈវិស្វករកម្ពុជាត្រូវ បានរាជរដ្ឋាភិបាលដាក់ឱ្យស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញការងារ ជាអាជ្ញាធរវិស្វកម្មជាតិ មានភារកិច្ចគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងនូវធនធានបញ្ញាវន្តវិស្វកម្មជាតិ ដោយមានការអភិវឌ្ឍសមត្ថភាព ចំណេះដឹងតាមបែបវិទ្យាសាស្ត្រទំនើប ព្រមទាំងបទពិសោធន៍ថ្មីៗ បង្កើន និងជំរុញសមត្ថភាពវិជ្ជាជីវៈឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌជាតិ និងអាស៊ាន។
ការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឲ្យបានល្អប្រសើរឡើង ដោយចាប់ផ្តើមពីការប្រមូលផ្តុំ ធនធានបញ្ញាវន្តវិស្វកម្មជាតិ ការអភិវឌ្ឍន៍សមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈដោយ ស្របច្បាប់។
លោកបន្តថា ការលើកកម្ពស់សមត្ថភាពប្រតិបត្តិវិជ្ជាជីវៈរបស់វិស្វករចុះបញ្ជី ជាវិធីតែមួយគត់ ដែលមានប្រសិទ្ធភាពផ្តល់ឱកាសជូនវិស្វករជាតិឲ្យមានការងារ មានគុណធម៌ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជនដែលកំពុងសកម្មវិនិយោគលើវិស័យជាច្រើន ក្នុងសង្គមកម្ពុជា៕