(បាត់ដំបង)៖ អភិបាលរងខេត្តបាត់ដំបងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយប្រតិភូអមដំណើរ បានដឹកនាំយកអំណោយ មនុស្សធម៌របស់កាកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង រួមមាន៖ អង្ករ មី សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត យកទៅចែកជូន ដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ ដែលមកពីបណ្តាភូមិនានា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋទាំងនោះ ធ្លាប់បានទទួលរងគ្រោះដោយគ្រោះរាំងស្ងួតនារដូវវស្សាកន្លងមកនេះ បណ្តាលឲ្យដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ត្រូវរងនូវការខូចខាតអស់ បង្កឲ្យពួកគាត់ជួបនូវបញ្ហាខ្វះខាតស្បៀងប្រចាំថ្ងៃ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បាននាំយកនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែនឹកគិតដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសប្រជាពលរដ្ឋ ដែលងាយទទួលរងគ្រោះផ្សេងៗ ដូចជាពេលនេះជាដើម ដោយសម្តេចបានចាត់ឲ្យក្រុមការងាររបស់កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបនឹងគ្រោះរាំងស្ងួត ក្នុងរដូវវស្សនាពេលនេះ ព្រមទាំងប្រជាពលរដ្ឋផ្សេងៗទៀត ដែលកំពុងតែជួបនូវការខ្វះខាតស្បៀងប្រចាំថ្ងៃ ត្រូវតែជួយដោះស្រាយឲ្យបានឆាប់រហ័សបំផុត ដោយមិនត្រូវទុកឲ្យពួកគាត់ត្រូវ អត់បាយដោយមិនបានរាយការណ៍ដល់អាជ្ញារធរដែនដី ក៏ដូចជា ក្រុមការងារកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ឡើយ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានលើកឡើងថា ទីណាមានការលំបាកទីនោះ តែងតែមានកាកបាទក្រហមកម្ពុជានៅចាំបម្រើសង្រ្គោះជូនប្រជាពលរដ្ឋជានិច្ច ហើយកាកក្រហមកម្ពុជាធ្វើការបម្រើវិស័យ មនុស្សធម៌នេះដោយភាពស្មោះត្រង់មិនលំអៀង ឬប្រកាន់និន្នាការពណ៌សម្បុរអ្វីឡើយ ឲ្យតែប្រជាពលរដ្ឋណាមានទុក្ខលំបាក មានជីវភាពក្រីក្រ គឺកាកបាទក្រហមកម្ពុជាត្រូវតែជួយចែកស្បៀងជានិច្ច។
ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមជួយណែនាំ និងអប់រំបន្ថែមទៀតដល់កកូនចៅ ដើម្បីឲ្យពួកគេបានចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសកម្ពុជាឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបជាអតិបរិមា និងឈានទៅកាត់បន្ថយទាំងស្រុង នាពេលខាងមុខ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អ្វីដែលសំខាន់ សូមឲ្យយុវជន យុវនារីទាំងអស់ត្រូវប្រកាន់យកការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងពាក់មួកសុវត្ថិភាព គ្រប់ពេលវេលាទោះទៅណាឆ្ងាយឬជិតក៏ដោយ ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់សម្រាប់ខ្លួនឯងផងនិងអ្នកដទៃផងដែរ៕