(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ គ្រូបង្វឹក និងកីឡាករ ជិត២០០នាក់ ក្នុងអង្គភាពកីឡាក្រោមចំណុះក្រសួងមហាផ្ទៃ និងបានប្រគល់ថវិកា លើកទឹកចិត្តផងដែរ។
ការចុះផ្ទាល់សាកសួរសុខទុក្ខអង្គភាពកីឡាក្រោមចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក៏បានធ្វើឡើងក្នុងស្មារតីអបអរសាទរខួបទី៤០ឆ្នាំស្មារតី២ធ្នូ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានថ្លែងកោតសរសើរគណៈគ្រប់គ្រងកីឡាទាំង២៩អង្គភាពរបស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ដែលបានខិតខំរហូតដណ្តើមបានមេដាយជាច្រើន។
លោក ហ៊ុយ វណ្ណៈ ថ្លែងកោតសរសើរចំពោះកីឡាករ ដែលប្រកាន់ «ស្មាតីកីឡា» គឺចេះអត់ធ្មត់ តស៊ូ ទាំងរាងកាយ ទាំងបញ្ញាស្មារតី ដើម្បីឈានទៅដណ្តើមយកជ័យជំនះដោយកិត្តិយស។ ក្នុងនាមជាកីឡាករ ទោះបីឈ្នះក៏ដោយ ចាញ់ក៏ដោយ ក៏មិនបានចាត់ទុកគ្នាជាសត្រូវ គឺរក្សាគ្នាជាមិត្តដដែល នេះហើយដែលគេហៅថា ស្មារតីកីឡា។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ ក៏បានលើកឡើងថា ដំណាក់កាលនេះ កីឡាករ កីឡាការិនី មានសំណាងដោយទទួលបានការយកចិត្តទុកដាក់គាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពី សម្តេចនាយករដ្ឋមន្ត្រី សម្តេចឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំឯទៀត។ ដូច្នេះ លោកទឹកចិត្តដល់កីឡាករទាំងអស់ បន្តខិតខំប្រឹងប្រែង ទាំងការហ្វឹកហាត់ និងការប្រកួតដើម្បីទទួលបានមេដាយមាសឲ្យបានច្រើនទៀត។ «កីឡាមានអត្ថន័យខ្លាំងណាស់។ កីឡាបានលើកតម្កើងទង់ជាតិរបស់យើងទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ដែលកម្ពុជាមានមោទនភាព និងសូមអបអសាទរ»។
យោងតាមរបាយការណ៍របស់លោក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹម៣ឆ្នាំចុងក្រោយនេះ កីឡាជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ បានកើនឡើងចំនួនសរុប២៩វិញ្ញាសារកីឡា មានកីឡាករសរុបប្រមាណ៤០០នាក់ ដោយរួមមាន៖ ប្រដាល់គុណបុរាណខ្មែរ, ល្បុក្កតោ, ទាញព្រ័ត្ត, អត្តពលកម្ម, បាត់ទាត់, បាល់ទះ, ហែលទឹក, ប្រណាំងទូក, ប៉េតង់, ទ្រីយ៉ាត្លុង, វាយសី, ការ៉ាតេ, យូដូ, និង សូហ្វតិន្នីស ជាដើម។
ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ថវិកាលើកទឹកចិត្តពី សម្តេចក្រឡាហោមដល់គ្រូបង្វឹក កីឡាករ កីឡាការិនី និងរៀបចំទទួលទានអាហារសាមគ្គីរួមគ្នាផងដែរ៕