(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា ( CCF ) ដែលជាអង្គការជួយដល់កុមារ និងគ្រួសារ ដែលរស់នៅក្នុងតំបន់ក្រីក្រ និងគំនរសំរាមមួយក្នុងចំណោមតំបន់ក្រីក្រនានា ក្នុងនៅប្រទេសកម្ពុជា ដើម្បីផ្លាស់ប្ដូរជីវិតគ្រួសារ ដែលកំពុងមានការខ្វះខាត នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលអំណោយសប្បុរស ជាអង្ករចំនួន២០តោន ពីក្រុមហ៊ុន Geolink Group ជាមួយនឹងភេសជ្ជៈយ៉ូស ( Yeo's )ចំនួន ៥០០កេស ពីក្រុមហ៊ុនភេសជ្ជៈYeo's នៅក្នុងពិធីសប្បុរសធម៌ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសហគមន៍ CCF ស្ថិតនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។
លោក scott neeson ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ CCF បានទទួលអំណោយសប្បុរស ពីនាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រង ក្នុងភាពជាដៃភាពជាដៃគូ របស់ក្រុមហ៊ុន Geolink Group របស់លោក វ៉ាន់ គឹមចាន់ និងអ្នកតំណាងមកពីក្រុមហ៊ុនYeo's ។ ព្រឹត្តិការណ៍នេះមានការចូលរួម ពីបុគ្គលិកផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Geolink Group ប្រមាណជាង ៤០ នាក់ រួមទាំងបុគ្គលិកនៃអង្គការមូលនិធិកុមារកម្ពុជា ( CCF ) ជាច្រើននាក់ទៀតផងដែរ។
លោក វ៉ាន់ គឹមចាន់ បានថ្លែងថា លោកនិងភរិយារបស់លោក និងបុគ្គលិករបស់ក្រុមហ៊ុន Grolink Group ទាំងអស់បានប្ដេជ្ញាចិត្តតបស្នង ឲ្យសហគមន៍របស់យើងវិញ និងជួយអ្នក ដែលមានសំណាងតិចជាងពួកលោក ដើម្បីស្វែងរកជីវិតក៏ប្រសើរ និងអនាគតរុងរឿង ហើយលោកពិតជាមាន កិត្តិយសដែលអាចចូលរួមវិភាគទាន ជាអង្ករក្នុងពេញមួយខែ សម្រាប់អង្គការ CCF និងសហគមន៍របស់អង្គការទាំងមូលផងដែរ ហើយការតបស្នងនេះ គឺជាផ្នែកមួយនៃវប្បធម៌របស់ក្រុមហ៊ុន Grolink Group ផងដែរ។
លោកបានបញ្ជាក់ទៀតថា លោកតែងតែបានបរិច្ចាកជួយដល់ អ្នកដែលមានជីវភាពក្រីក្រី ជួយក្នុងការធ្វើផ្លូវចូលសាលារៀន និងបានដាក់ជាកុំព្យូទ័រ ក្នុងសាលារៀនជាដើម ហើយមូលហេតុ ដែលលោកបានធ្វើយ៉ាងដូចនេះក៏ព្រោះតែ មុននឹងលោកមានជីវភាពធូធារហូតមកដល់សព្វថ្ងៃនេះ គឺលោកមានឱពុកម្តាយជា អ្នកមានជីវភាពមិនសូវធូធារនោះទេ ហើយដោយការខិតខំ ប្រឹងប្រែងពុះពារ ជំនះឧបសគ្គ ខំរៀនសូត្រ ទើបធ្វើឱ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ហើយលោក គឺមិនអាចបំភ្លេចបានទេនូវរាល់ភាពលំបាកដែលលោកបានជួបប្រទះ ដូច្នេះហើយលោកក៏បានប្តេជ្ញា នឹងខិតខំជួយដល់អ្នកដែលជួយប្រទះនូវភាពក្រីក្រ និងការលំបាក ដើម្បីជាការតបស្នងនូវអ្វីលោកទទួលបានទៅសង្គមវិញផងដែរ។
លោក scott neeson បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Geolink Group ដែលបានបរិច្ចាគ អំណោយដ៏ថ្លៃថ្លានេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ សុឆន្ទៈរបស់លោកអគ្គនាយក និងបុគ្គលិករបស់ក្រុមហ៊ុន Geolink Group ដែលអំណោយទាំងអស់នេះ នឹងមានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅ ដល់អ្នកដែលគ្មានការបរិភោគ។ លោកថា វាពិតជាអស្ចារ្យណាស់ ដែលមេដឹកនាំធុរកិច្ចកម្ពុជា បានខិតខំប្រឹងប្រែងជួយជនក្រីក្រ នៅក្នុងសហគមន៍របស់យើង និងលើកទឹកចិត្តឱ្យមើលឃើញពីការតបស្នងរបស់ក្រុមហ៊ុន»។
លោកក៏បានបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា ( CCF ) ដែលបានបង្កើតនៅឆ្នាំ២០០៣ ដែលបានធ្វើការនៅក្នុងសហគមន៍ ដោយផ្តោតលើអតីតកន្លែងចាក់សំរាម ដែលកុមារ និងគ្រួសារជាច្រើនធ្លាប់ធ្វើការ និងរស់នៅ។ កុមារប្រមាណ២,០០០នាក់ឥឡូវនេះ ស្ថិតក្នុងកម្មវិធីអប់រំ ដែលទទួលបានពានរង្វាន់។ ការផ្តល់សេវារបស់អង្គការ CCF ក៏បានផ្តល់ជូនដល់សហគមន៍ទាំងឡាយផងដែរ ដែលក្នុងនោះរួមមានមនុស្សចាស់ និងស្ត្រីដែលរងគ្រោះពីភាពឯកោ ឬការខ្វះខាត។
លោកបានបញ្ជាក់ថា ក្នុងមួយឆ្នាំ អង្គមូលនិធិកុមារកម្ពុជា បានចំណាយថវិកាដើម្បីផ្គត់ទៅលើកុមារ អស់ទឹកប្រាក់ប្រមាណជាង ៧លានដុល្លារ ហើយសម្រាប់ថវិការចំណាយទាំងអស់នេះ ពាក់កណ្តាលគឺបានចំណាយទៅលើការអប់រំរបស់កុមារ ហើយពាក់កណ្តាលទៀតនោះ គឺបានចំណាយទៅលើក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីធានាឱ្យបានថា គ្រួសាររបស់គាត់អាចបញ្ជូនក្មេងទាំងនោះមករៀនបាន ហើយនៅពេលនេះ ក៏មានក្មេងៗ មួយចំនួនបានរៀនរហូតដល់ចប់សកលវិទ្យាល័យផងដែរ ហើយមកដល់ពេលនេះគឺមានក្មេងៗ ប្រមាណជាជាង៧០% ក្នុងចំណោមក្មេងៗ ប្រមាណ ២,000នាក់ នៅតែបានបន្តការសិក្សាផងដែរ៕