(ពោធិ៍សាត់)៖ អគារទីចាត់ការថ្មីមួយខ្នង ដែលទើបសាងសង់រួច មានទំហំ ១៦គុណ៩ម៉ែត្រ រួមមានបន្ទប់ធ្វើការ២ សាលប្រជុំ១ និងបន្ទប់ទឹក២ ចំណាយថវិកាជាង៤ម៉ឺនដុល្លារ ជាអំណោយរបស់លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីត និងសហការី ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្រីទីប្រឹក្សាក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ បានថ្លែងថា អគារទីចាត់ការថ្មីមួយខ្នង មានបន្ទប់ធ្វើការ២ សាលប្រជុំ១ និងបន្ទប់ទឹក២ ដែលទើបសាងសង់រួច ចំណាយថវិកាជាង៤ម៉ឺនដុល្លារ គឺជាសមិទ្ធផលថ្មីមួយទៀត តាមរយៈកាយវិការសប្បុរសធម៌របស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីត និងសហការី ក្នុងសកម្មភាពសង្គម លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងគោលការណ៍កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានឱ្យដឹងទៀតថា សាលាបឋមសិក្សាពោធិ៍សាត់ មានផ្ទៃដីទំហំ ៤៧,៤៨៨ម៉ែត្រក្រឡា មានអគារសិក្សា៨ខ្នង មានបន្ទប់៣៨បន្ទប់ មានថ្នាក់រៀនសរុប៥៥ថ្នាក់ បុគ្គលិកសរុប៦៨នាក់ ស្រី៣៩នាក់ សិស្ស២៤៨៨នាក់ ស្រី១១៩៤នាក់។ លោកនាយកសាលា បានសន្យាថានឹងប្រើប្រាស់សមិទ្ធផលនេះឱ្យចំទិសដៅ ងាយស្រួលឲ្យលោកគ្រូអ្នកគ្រូ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយផាសុកភាព។
លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលហត្ថាកសិករបានចូលរួមចំណែកសហគមន៍នៅខេត្តពោធិ៍សាត់។ កាលពីពេលកន្លងទៅ ហត្ថាកសិករបានសាងសង់នូវអគារ ក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ព្រមទាំងអគារសិក្សា និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
លោកឧកញ៉ាបានឲ្យដឹងថា ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា ដែលបានទទួលអាជ្ញាបណ្ណ័ ពីធនាគារជាតិកម្ពុជា។ អាជីវកម្មខ្នាតតូចបំផុត និងតូច ដែលផ្តល់ជូនអតិថិជនរួមមាន សេវាឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច និងមធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក ១៧៨សាខា លើម៉ាស៊ីនATM ចំនួន១២៨គ្រឿង រួមទាំងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០១៨ ហត្ថាកសិករ មានប្រាក់បញ្ញើសន្សំ ជាង៤២០លានដុល្លារ ជាមួយអតិថិជនប្រាក់បញ្ញើសន្សំជាង២៣ម៉ឺននាក់ ផលប័ត្រឥណទានសរុប៦៨៣លានដុល្លារ និងមានអតិថិជនជាង១៣ម៉ឺននាក់ ជាមួយទ្រព្យសកម្មសរុប៨៤៣លានដុល្លារអាមេរិក។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ហួត អៀងតុង និងសហការី ដែលជានិច្ចកាលតែងតែបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងការបរិច្ចាកធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍សហគមន៍ ទាំងវិស័យសុខាភិបាល និងវិស័យអប់រំ ព្រមទាំងចែករំលែកចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាពិសេសដោះស្រាយនីតិវិធីចាកចេញពីបំណុលនៅសហគមន៍។ លោកអភិបាលខេត្ត បានបន្តថា ដោយផ្អែកតាមការពិនិត្យកន្លងមក គ្រឹះស្ថានហត្ថាកសិករ បានចូលរួមកសាងនូវសមិទ្ធផលជាច្រើនដូចជា៖ សាលារៀន ការផ្តល់សម្ភារៈសិក្សាជូនសិស្ស ផ្តល់បរិក្ខាសម្រាប់សួនច្បារសាធារណៈ និងចូលរួមថែក្សាបរិស្ថានជាដើម និងសូមហត្ថាកសិករកាន់តែមានការគាំទ្រ ពីអតិថិជនបន្ថែមទៀតកាន់តែច្រើន។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី និងជាជាងចម្លាក់ដ៏ល្អ ត្រូវបណ្តុះនូវធនធានមនុស្សថ្មីនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ដោយមានឆន្ទះក្នុងការបំពេញការងារ ធ្វើយ៉ាងណាកុំឲ្យពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើរូបយើង។ ផ្ទុយទៅវិញ ក្មួយៗសិស្សានុសិស្ស ក៏ត្រូវតបស្នងសងគុណមកវិញ តាមរយៈការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពល ជាបង្អែកក្នុងគ្រួសារ និងជាសសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកឧកញ៉ា ហួត អៀងតុង បានជួយចេញថ្លៃសម្ភារក្រាលការ៉ូឡា ក្នុងបរិវេណសាលា ឧបត្ថម្ភតុ និងកៅអី ក្នុងសាលប្រជុំ ព្រមទាំងចែករង្វាន់ដល់សិស្សពូកែពីលេខ១ ដល់លេខ៣ ចំនួន១៨៧នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងថវិកា៥ពាន់រៀល និងបានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនលោកគ្រូអ្នកគ្រូ១៧០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា២ម៉ឺនរៀលផងដែរ៕