(បាត់ដំបង)៖ អាជ្ញាធរអគ្គិសនីប្រចាំភូមិភាគ នៃព្រះរាជាណាចក្រថៃ បានជួយផ្ទាំងថាមពលសូឡា នៅវិទ្យាល័យសំពៅលូន រួមជាមួយត្រង់ស្វ័រ 250KVA ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នាព្រឹកថ្ងៃព្រហស្បត្តិ៍៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណវិទ្យាល័យសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើង និងមានការរៀបចំប្រគល់ទទួលថាមពលសូឡា នៅវិទ្យាល័យសំពៅលូន រួមជាមួយត្រង់ស្វ័រ 250KVA ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដែលជាជំនួយឧបត្ថម្ភពីអាជ្ញាធរ អគ្គិសនី ប្រចាំភូមិភាគ នៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងតំណាងភាគី ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Udom Kate Radnui អភិបាលរងខេត្តស្រះកែវ និងប្រតិភូអមដំណើរ ជាច្រើនរូបទៀត។
ឆ្លៀតឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោកបណ្ឌិត ប៊ុត គឹមស៊ាន សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអភិបាលរងខេត្តស្រះកែវ, អាជ្ញាធរអគ្គិសនី និងគណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ ដែលតែងតែមានទំនាក់ទំនងល្អ រក្សាបាននូវចំណងមិត្តភាព និងការយោគយល់គ្នាដែលប្រទេសជិតខាងគ្នា សម្រួលដល់ការចេញចូល ឆ្លងកាត់ព្រំដែន ដោះដូរទំនិញ កសិផល ការធ្វើជំនួញពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ឱ្យកាន់តែងាយស្រួលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានយ៉ាងល្អប្រសើរ។
លោក ប៊ុត គឹស៊ាន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយប្រសិទ្ធភាពដែលធ្លាប់បានធ្វើកន្លងមក ជាពិសេសការទំនាក់ទំនងល្អនិងបានផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ រួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរផងដែរ។
ជាក់ស្តែង នាព្រឹកថ្ងៃនេះស្រុកសំពៅលូន បានទទួលនូវថាមពលសូឡា ដោយពន្លឺព្រះអាទិត្យ និងត្រង់ស្វ័រ 250KVA ដែលជាជំនួយរបស់អាជ្ញាធរអគ្គិសនីប្រចាំភូមិភាគ នៃព្រះរាជណាចក្រថៃ ផ្តល់ជូនវិទ្យាល័យសំពៅលូន និងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ព្រមទាំងជំនួយឧបត្ថម្ភជាបន្តបន្ទាប់ និងដ៏មានសារប្រយោជន៍ ដែលជាតម្រូវការចាំបាច់សំរាប់ប្រជាពលរដ្ឋ បានប្រើប្រាស់ជាប្រយោជន៍សាធារណៈរួមគ្នា ធ្វើឱ្យសេដ្ឋកិច្ច នយោបាយ និងកិច្ចអភិវឌ្ឍនៅតាមមូលដ្ឋាន នៅជាប់ព្រំដែនមានសោភ័ណភាពកាន់តែល្អប្រសើរ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកសំពៅលូន ស្ថាប័នអប់រំ សុខាភិបាល សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលថៃ អាជ្ញាធរអគ្គិសនីប្រចាំភូមិភាគ អភិបាលខេត្តស្រះកែវ អភិបាលស្រុកអារញ្ញប្រាថេត និងជាដៃគូរពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវសំភារៈដ៏ថ្លៃថ្លា ក្នុងការជួយឧបត្ថម្ភដល់កិច្ចដំណើរការអភិវឌ្ឍស្រុក នៅតំបន់ព្រំដែននេះឱ្យមានការអភិវឌ្ឍរីកចម្រើនតទៅ៕