(ព្រះវិហារ)៖ អគារមណ្ឌលសុខភាពដ៏ថ្មីសន្លាង នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទើបសាងសង់រួច ដែលមានតម្លែជាង៦ម៉ឺនដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត និងសប្បុរសជនជាម្ចាស់ជំនួយព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា អគារមណ្ឌលសុខភាពនេះ ជាជំនួយរបស់សប្បុរសជនមកពីប្រទេសកាណាដា (Canada through ADRA cambodia) ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយចំណាយថវិកាសាងសង់សរុប ៦១៩៩៧.៤០ដុល្លារ។ អគារនេះមានទំហ៊ំ៩គុណ១៤ម៉ែត្រ និងអគារសម្ភពបន្ទប់រង់ចាំមានទំហ៊ំ៤គុណ១០ម៉ែត្រ មានបំពាក់គ្រឿងសង្ហារឹម សម្ភារបរិក្ខាសម្រាលកូន និងប្រព័ន្ធសូឡាផងដែរ។
លោក អ៊ុង វុឌ្ឍី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនមកពីប្រទេសកាណាដា ដែលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សាងសង់អគារមណ្ឌលសុខភាពនេះ ក្នុងគោលបំណងលើកស្ទួយសុខភាព ប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការកាត់បន្ថយពេលវេលា ក្នុងការទៅពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យឆ្ងាយៗផងដែរ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្តក៏បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធិភាព៕