(ភ្នំពេញ)៖ តាមរយៈព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» បានធ្វើឲ្យយុវជនខ្មែរនាពេលបច្ចុប្បន្ន ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការលះបង់គ្រប់បែបយ៉ាង សូម្បីតែអាយុជីវិតរបស់យុវជនជំនាន់មុន ដើម្បីឈានទៅរំដោះប្រទេសជាតិ ចេញពីរបបដ៏ឃោរឃៅយង់ឃ្នង​កាប់សម្លាប់គ្មានត្រាប្រណៃ នៃរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ រហូតទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើន ដូចពេលសព្វថ្ងៃនេះ។

ព្រឹត្តិការណ៍ «​៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការគាស់រំលើងវីរៈភាពរបស់យុវជនជំនាន់មុន ជូនដល់យុវជននាសម័យបច្ចុប្បន្ននោះ បានចេញដំណើរពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួម​ពីយុវជនសរុបប្រមាណ ៧០០នាក់។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក ហ៊ុន ម៉ានី បានលើកឡើងថា ព្រឹត្តិការណ៍នេះជាការចូលរួមរំលឹកដល់ស្មារតី២ធ្នូ ប៉ុន្ដែលើសពីនេះ គឺចង់ឲ្យឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងតស៊ូ ការលះបង់ ដែលសម្រេចបាននូវការរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលកូនខ្មែរជាច្រើនបានដឹង និងបានឮពីប្រវត្តិសាស្ដ្រដ៏ជូរជត់មួយនេះ ចេញពីយុវជនមួយក្រុមកាលពីអតីតកាល ហើយនាំមក​នូវការងើបឡើងវិញ​នូវជាតិខ្មែរទាំងមូល។

លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើមូលដ្ឋានទាំងអស់នេះហើយ គឺយើងដឹងពីប្រវត្តិសាស្ដ្រ​ តែឥឡូវយើងចង់សាកល្បងដោយខ្លួនឯង [...]។ ប៉ុន្មានថ្ងៃមុន គឺសម្ដេចគាត់បានមានប្រសាសន៍ហើយ កាលគាត់ភៀសខ្លួនទៅវៀតណាមដើម្បីកសាងកម្លាំង ដើម្បីមករំដោះជាតិវិញ មិនមែនជាកត្ដាសាមញ្ញពេកទេ។ តើយើងអាចធ្វើបានទេប្រសិនបើយើងជាគាត់នៅជំនាន់នោះ​»

​មិនខុសពីលោក ហ៊ុន ម៉ានី ប៉ុន្មាននោះដែរ យុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែបានអះអាងថា ពួកគាត់ពិតជាមានមោទនភាពយ៉ាងខ្លាំងនូវអ្វីដែលជាការលះបង់របស់យុវជនជំនាន់មុន ហើយព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»​ ពិតជាឆ្លុះបញ្ចាំងនូវទិដ្ឋភាពមួយផ្នែក ដែលយុវជនជំនាន់ក្រោយ ត្រូវហ៊ានឆ្លងកាត់ដើម្បីបានយល់នូវគុណតម្លៃទាំងអស់នោះ។

យុវជន ​ដារ៉ា​ពី ដែលជាសមាជិក​សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»​ ​ដើម្បីឲ្យយុវជនក្រោយ បានស្វែងយល់ពីការលះបង់ ភាពអត់ធ្មត់ និងពលីកម្មដ៏ខ្ពស់របស់យុវជនជំនាន់មុន ប៉ុន្ដែព្រឹត្តិការណ៍ក៏នៅមិនទាន់អាចប្រៀបនូវអ្វី ដែលពួកគាត់បានលះបង់នោះទេ តែយុវជនក៏អាចទទួលដឹងលឺថា ប្រវត្តិសាស្ដ្រពិតជាមានការពិបាក និងជូរចត់។

«កាលដែរយុវជនបានចូលរួមនៅថ្ងៃនេះ គឺធ្វើឲ្យពួកយើងបានយល់ ដែលមិនមែនគ្រាន់តែជាការរៀននៅលើសៀវភៅ មិនមែនជាការដឹងពីការរៀបរាប់ របស់ឪពុកម្ដាយ ប៉ុន្ដែជាការស្គាល់ដោយខ្លួនឯងតែម្ដងនូវការលំបាក តើពេលងងឹត ភាពភ័យខ្លាច ត្រូវតែជម្នះយ៉ាងដូចម្ដេច [...]។ វាពិតជាមានសារសំខាន់ខ្លាំងណាស់ នៅពេលដែលអ្នកទាំងអស់គ្នាជួបប្រទះស្ថានភាពដូចពួកគាត់ ទើបអ្នកទាំងអស់គ្នានឹងយល់»។ នេះជាអ្វីដែលយុវជន ដារ៉ាពី បានគូសបញ្ជាក់។

លោក ចាន់ វឌ្ឍនាការ ដែលជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូបរបស់កម្ពុជា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»​ នេះផងដែរ។ លោក វឌ្ឍានការ បានបង្ហាញនូវក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ខណៈនេះជាអ្វីដែលយុវជនជំនាន់ក្រោយ គួរតែយល់អំពីការលះបង់ របស់យុវជនជំនាន់មុន ដែលហ៊ានលះបង់សព្វបែបយ៉ាង សូម្បីតែជីវិត របស់ខ្លួន។

កីឡាករដ៏ឆ្នើមរូបនេះ បានអះអាងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំគិតថា​ ពួកយើងក៏គួរតែយល់ពីគាត់ ដែលគាត់ហ៊ានលះបង់ស្ទើរតែជីវិតរបស់គាត់ ដើម្បីពលីជូនជាតិ។ សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យពួកគាត់មើលឃើញ ពីការលះបង់របស់ពួកគាត់ ដើម្បីជាកម្លាំងចិត្ត»

ជាមួយគ្នានេះ តារា​សម្ដែងមួយរូបដែលកំពុងមានប្រជាប្រិយភាព លោក ណាខុន ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយមួយរូប បានយល់ឃើញថា ព្រឹត្ដិការណ៍នេះពិតជាអស្ចារ្យណាស់ ដើម្បីឲ្យលោកបានយល់ច្បាស់ថា តើទិដ្ឋភាពពេលនោះវាមានការលំបាកយ៉ាងណា? ដូច្នេះហើយបានជាលោកស្ម័គ្រចិត្តចូលរួមដើរ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រនេះ។

«យុវជនជំនាន់ក្រោយ​គួរតែថែរក្សា ព្រោះបងបងមុនៗពួកគាត់ពិតជាលះបង់ទាំងអស់គ្នា គាត់មានការលះបង់ខ្លាំងមែនទែន ហើយគាត់ក៏សន្សល់នូវកេរ្ដិ៍តំណែលជាច្រើន ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ហើយយើងជាកូនខ្មែរជំនាន់ក្រោយមួយរូប។ អ៊ីចឹងម្នាក់ៗយើងត្រូវតែសាមគ្គីគ្នា ដើម្បីថែរក្សាប្រវត្តិសាស្ដ្រខ្មែររបស់យើង»។ នេះជាអ្វីដែលតារាសម្ដែង ណាខុន បានលើកឡើង។

យុវតីកំពុងសិក្សានៅសាកលវិទ្យាវេសស្ទើន ដែលកំពុងត្រៀមលក្ខណៈឡើងរថយន្ដឆ្ពោះទៅកាន់ទីតាំងប្រារព្ធពិធី បានលើកឡើងស្រដៀងគ្នាថា ព្រឹត្តិការណ៍នេះ គឺពិតជាល្អសម្រាប់យុវជនជំនាន់ក្រោយ ឲ្យបានដឹងអំពីប្រវត្តិសាស្ដ្រកាន់តែច្រើនជាងមុន ហើយយល់ថា ការលះបង់របស់យុវជនជំនាន់មុន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយយុវជនត្រូវតែរក្សាឲ្យបានទាំងអស់គ្នា។

យុវតីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំគិតថាមានសារសំខាន់ ព្រោះថាយើងគ្រប់គ្នាគួរតែស្វែងយល់ពីប្រវត្តិសាស្ដ្រឲ្យបានច្រើន ហើយគួរតែរៀនស្គាល់ពីអ្វីដែលមនុស្សជំនាន់មុន គាត់ហ៊ានលះបង់ ដោយយើងគ្រាន់តែដើរធម្មតា។​ ប៉ុន្ដែគាត់លក្ខណៈថា​ធ្វើសង្គ្រាមផង ចំណែកយើងគ្រាន់តែដើរទៅធម្មតា អត់មានត្រូវហត់អីបន្ថែមទៀតទេ»

សូមជម្រាបថា ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍​​នេះ គឺធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និតស្នាល និងប្រកប​ដោយ​ភារតភាព ដែលក្នុងនោះ​យុវជនទាំងអស់​ត្រូវបាន​​លើក​ទឹក​ចិត្ត​អោយ​មាន​សកម្មភាព​កសាង​​ក្រុម (Team Building) ការដើររួមគ្នា​ ច្រៀង​ចម្រៀង​រួមគ្នា ការ​ចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់​ខ្លួន ក៏ដូចជាការច្រៀង រាំ​កម្សាន្តផ្សេងៗ។

ដើម្បីធានា​បាននូវ​ការប្រព្រឹត្ត​ទៅ​ដោយ​រលូន​​នៃព្រឹត្តិការណ៍ ​អ្នក​ចូល​រួម​​ទាំងអស់​នឹងត្រូវ​បាន​​បែង​ចែក​​ជា​ក្រុម​ ហើយ​​ត្រូវ​ធ្វើ​ដំណើរ​​នៅលើដង​​ផ្លូវ​មួយ​​ដែល​មាន​ចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រ​សម្រាប់​នារី។​ តាម​ការ​កំណត់ ដំណើរ​នេះ​ត្រូវ​ចំណាយ​អស់​ថិរវេលា​​ប្រមាណ ២ថ្ងៃ ១យប់ និង​​មួយ​ថ្ងៃ​ទៀត ​សម្រាប់​ការ​បោះជំរំ​​នៅ​ទីតាំង​វិមាន​អនុស្សាវរីយ៍​២ធ្នូ៕