(ភ្នំពេញ)៖ គណៈប្រតិភូនៃវិទ្យាស្ថានយុត្តិធម៌ របស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រីអគ្គនាយក លី យ៉ុងជូ អមដោយសាស្ត្រាចារ្យ និងរដ្ឋអាជ្ញាកូរ៉េខាងត្បូងជាច្រើនរូប បានធ្វើទស្សនកិច្ចនៅអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយជួបពិភាក្សាការងារជាមួយលោក ហែម ក្រាញ់តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃតុលាការខ្មែរក្រហម ដើម្បីស្វែងយល់ និងដកបទពិសោធន៍ពីដំណើរការរបស់តុលាការចម្រុះកម្ពុជា អង្គការសហប្រជាជាតិនេះក្នុងដំណើរការស្វែងរកយុត្តិធម៌ជូន ជនរងគ្រោះក៏ដូចជាការទំនាក់ទំនង រវាងតុលាការខ្មែរក្រហម និងតុលាការថ្នាក់ជាតិ និងការងារផ្សព្វផ្សាយដើម្បីឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការនីតិវិធី។
លោក ហែម ក្រាញ់តូនី បានជម្រាបជូនគណៈប្រតិភូនៃវិទ្យាស្ថានយុត្តិធម៌កូរ៉េ ពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ និងបានបញ្ជាក់ថា តុលាការខ្មែរក្រហមជាតុលាការជាតិ ដោយមានការចូលរួមពីអន្តរជាតិមានដែនយុត្តាធិការ ក្នុងការជំនុំជម្រះក្តីតែទៅលើជនពីរជំពូកប៉ុណ្ណោះគឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ដើម្បីនាំយកយុត្តិធម៌ ការពិត ការផ្សះផ្សាជាតិ ការផ្សះផ្សាផ្លូវចិត្តសម្រាប់ជនរងគ្រោះនិងការចងចាំ សម្រាប់ប្រជាជនកម្ពុជាក៏ដូចជាមនុស្សជាតិទាំងមូល។
លោកបានបន្តទៀតថា ទន្ទឹមនឹងដំណើរការស្វែងរកយុត្តិធម៌ សាលាក្តីខ្មែរក្រហមបានចូលរួមយ៉ាង ខ្លាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ និងផ្នែកផ្សេងៗទៀត ដើម្បីយកទៅអនុវត្តនៅតុលាការ ថ្នាក់ជាតិក្នុងក្របខណ្ឌនៃដំណើរការកំណែទម្រង់ច្បាប់ និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ កេរតំណែលល្អៗជាច្រើនត្រូវបានបង្កើតឡើង ដោយសាលាក្តីខ្មែរក្រហម និងជាពិសេសទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីកម្ពុជា និងពីសហគមន៍អន្តរជាតិចំពោះបេសកកម្មដ៏ពិសិដ្ឋរបស់តុលាការក្នុងការនាំយកអ្នកទទួល ខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើង ក្នុងរបបខ្មែរក្រហមយកមកជំនុំជម្រះក្តី។ តុលាការខ្មែរក្រហម ក៏បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាពនៅកម្ពុជាផងដែរ។
ទាក់ទងនឹងការចូលរួមរបស់សាធារណជន និងជនរងគ្រោះក្នុងដំណើរការនីតិវិធីតុលាការ លោក ហែម ក្រាញ់តូនី បានជម្រាបជូនគណៈប្រតិភូនៃវិទ្យាស្ថានយុត្តិធម៌ របស់ប្រទេសកូរ៉េខាងត្បូងថា តុលាការ ខ្មែរក្រហមបានអនុញ្ញាតឱ្យជនរងគ្រោះចូលរួម ដោយផ្ទាល់ក្នុងដំណើរការនីតិវិធីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីទាមទារនូវសំណងផ្លូវចិត្ត និងសមូហភាព ដើម្បីផ្សះផ្សាផ្លូវចិត្តជូនជនរងគ្រោះ។ ម្យ៉ាងទៀត តុលាការខ្មែរក្រហមនេះ ទទួលបាននូវការចូលរួមគាំទ្រយ៉ាងច្រើនលើសលុប ពីសំណាក់សាធារណជនទូទៅ។
តាមលោក ហែម ក្រាញ់តូនី ចាប់តាំងពីតុលាការខ្មែរក្រហមដំណើរការរហូតមកខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានសាធារណជនជាង៦សែននាក់ បានមកទស្សនកិច្ច និងចូលរួមស្តាប់ដំណើរការសវនាការដោយផ្ទាល់ នៅសាលាក្តីខ្មែរក្រហម និងទទួលបានការផ្សព្វផ្សាយពីមន្ត្រីសាលាក្តីខ្មែរក្រហម នៅគ្រប់ទីកន្លែងនៃប្រទេស កម្ពុជាក្នុងគោលដៅពង្រឹងការចងចាំ អំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដើម្បីបង្ការ និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវអំពើសាហាវឃោរឃៅដូចរបបខ្មែរក្រហម នៅលើទឹកដីនៃប្រទេសកម្ពុជាទៀត។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំតុលាការ និងតំណាងការិយាល័យព្រះរាជអាជ្ញា និងចៅក្រមនៃសាលា ក្តីខ្មែរក្រហម គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅសាលសវនាការរបស់សាលាក្តីខ្មែរ ក្រហមអមដោយការធ្វើ បទបង្ហាញពីសំណាក់លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈដោយបានលើកឡើងពីប្រវត្តិនៃការ កកើតតុលាការ កិច្ចការដែលតុលាការសម្រេចបានក្នុងរយៈពេល១២ឆ្នាំមកនេះ រួមនឹងសារៈប្រយោជន៍នៃ ដំណើរការតុលាការនេះក្នុងការស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះកម្ពុជា។
គណៈប្រតិភូនៃវិទ្យាស្ថានយុត្តិធម៌កូរ៉េ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសាលាក្តីខ្មែរក្រហម សម្រេចបាន និងបានដកបទពិសោធល្អ ពីការអនុវត្តរបស់សាលាក្តីខ្មែរក្រហម។
សូមជម្រាបថាគណៈប្រតិភូ នៃវិទ្យាស្ថានយុត្តិធម៌កូរ៉េ ដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល កូរ៉េខាងត្បូងលើប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េដូចប្រជាជនកូរ៉េខាង ត្បូងដែរ និងស្នើសុំឱ្យមានការយកចិត្តទុកដូចគ្នាចំពោះប្រជាជនកូរ៉េខាងត្បូងដែលកំពុងរស់នៅ និងប្រកប របបនៅក្នុងប្រទេសកម្ពុជាផងដែរ៕