(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានបន្តអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ទាំងកងទ័ព ទាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ សូមបន្តជឿទុកចិត្ត ស្មោះត្រង់ដាច់ខាតចំពោះជាតិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ពោលត្រូវពង្រឹងជំហរ កុំចូលរួមនៅក្នុងសកម្មភាពណាខុសច្បាប់ ឬបង្កអសន្តិសុខដល់ប្រទេសជាតិ។
ឧត្តមសេនីយ៍រូបនេះ ក៏បានបញ្ជាក់ផងដែរថា «អ្វីដែលសំខាន់ កងកម្លាំងប្រដាប់អាវុធត្រូវដាច់ខាតការពារនូវសុខសន្តិភាពឱ្យខាងតែបាន និងចូលរួមអនុវត្តគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ត្រូវប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីជនខាងក្រៅ ដែលមិនទុកឲ្យជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញជាតិតទៅទៀតឡើយ។ តាមរយៈប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖ ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាកំពុងតែមាននេះ នឹងមិនអនុញ្ញាតឲ្យជនណាបំផ្លាញបានឡើយ»។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត វរសេនាតូចថ្មើរជើង សហការវាយលុក នៅទីលានបាញ់គ្រាប់ពិត មរតកតេជោសែនភ្នំវាលចាប យោធភូមិភាគ៥ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងរម្លឹកថា កាលពីមុន តំបន់នេះគឺជាមូលដ្ឋានដើម្បីវាយគ្នានៅក្នុងប្រទេស ប៉ុន្តែបច្ចុប្បន្ននេះគឺជាមូលដ្ឋាន ដើម្បីពង្រឹងកងទ័ពក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព។ តំបន់នេះមានការអភិវឌ្ឍច្រើនណាស់ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកប្រព័ន្ធអគ្គិសនី និងអគារស្នាក់នៅរបស់កងទ័ព។ ការអភិវឌ្ឍន៍នេះ គឺបង្ហាញអំពីការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយោធភូមិភាគ និងការចូលរួមពីផ្នែកដែលពាក់ព័ន្ធទាំងអស់ ជាពិសេសការគាំទ្ររបស់សម្តេចតេជោ ដែលលោកផ្ដល់អទិភាពណាស់នៅក្នុងការកសាង។
លោកថា ការកសាងកន្លែងហ្វឹកហ្វឺនសម្រាប់កងទ័ព គឺជាការវិនិយោគរយៈពេលវែង ព្រោះថា អាយុមនុស្សអាចចូលនិវត្តន៍ ប៉ុន្តែសាលាសម្រាប់ការហ្វឹកហ្វឺនមិនចូលនិវត្តន៍នោះទេ គឺសាលានៅតែជាកន្លែងកសាងមនុស្សជារៀងរហូត។ នេះគឺជានិរន្តរភាព នៃការងារហ្វឹកហ្វឺនដើម្បីធានាការដឹកនាំបញ្ជាប្រយុទ្ធការពារទឹកដីរបស់យើងទៅថ្ងៃអនាគត។ ដូច្នេះមូលដ្ឋាន នៃការហ្វឹកហ្វឺននេះគឺសំខាន់ណាស់ ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់តាមរយៈការផ្គត់ផ្គង់ប្រាក់បំប៉នបន្ថែមផ្សេងៗ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឲ្យកងកម្លាំងរបស់យើងបំពេញភារកិច្ចជូនជាតិមាតុភូមិ។
«ការបិទវគ្គហ្វឹកហ្វឺននៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំធេង មិនត្រឹមតែសម្រាប់យោធភូមិភាគទី៥ទេ គឺសម្រាប់បណ្តាអង្គភាពចំណុះឲ្យភូមិភាគទី៥។ សូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងនៅក្នុងយោធភូមិភាគទី៥ អង្គភាពកងរាជអាវុហត្ថ នគរបាល ដែលបានខិតខំចូលរួមសហការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ជាពិសេសពង្រឹងស្មារតីមិនឲ្យចាញ់ឧបាយកល នៃការឃោសនាទាញកម្លាំងប្រដាប់អាវុធ។ គោលដៅសំខាន់របស់យើងគឺថែរក្សាសុខសន្តិភាពដែលបានសម្រេចជាងរយៈពេល ៥០០ឆ្នាំ។ ដូច្នេះសំខាន់បំផុតកងកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឱ្យបាននូវការអប់រំចិត្តសាស្រ្ត ការអប់រំសតិអារម្មណ៍ កាក្តាប់ឱ្យបាននូវ ភាពស្មោះត្រង់របស់កងកម្លាំងប្រដាប់អាវុធ ព្រោះបងប្អូនប្រកាន់ជំហរនេះគឺសំខាន់ណាស់»។ នេះជាការបញ្ជាក់បន្ថែមពីឧត្តមសេនីយ៍រូបនេះ។
ជាមួយគ្នានេះ មេទ័ពកំពូលមួយរូបរបស់កម្ពុជា ក៏បានប្រកាសទៀតថា «ការពារសុខសន្តិភាព គឺការពារពីអនាគតកូនចៅយើងជំនាន់ក្រោយ។ យើងទាំងអស់គ្នាសុទ្ធតែមានកូនចៅ យើងសុខចិត្តឱ្យកូនចៅយើងមានឱកាសអភិវឌ្ឍខ្លួន ចូលរួមការពារជាតិប៉ុន្តែប្រឆាំងដាច់ខាតនឹងការប៉ុនប៉ងបំផ្លាញប្រទេសយើង។ សូមបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ និងគោរពឲ្យបានខ្ជាប់ខ្ជួនឲ្យអស់ ពីកម្លាំងកាយចិត្តហ្វឹកហ្វឺនគ្រប់ជំនាញ ស្របតាមពាក្យស្លោកបានពោលថា ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហ្វឺន ប្រសើរជាជាងបង្ហូរឈាមនៅលើទីលានប្រយុទ្ធ ដើម្បីពង្រឹងសមត្ថភាព និងអនុវត្តភារកិច្ចរបស់យើងឲ្យបាន»។
លោកឧត្តមសេនីយ៍ ក៏បានប្រាប់ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ទៀតថា ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីការអភិវឌ្ឍន៍រីកចម្រើនរបស់សង្គមជាតិ ទប់ស្កាត់នឹងឧបាយកលញុះញុង បោកប្រាស់ និងកលល្បិចផ្សេងៗ របស់ក្រុមប្រឆាំង ពួកអគតិដែលចង់បំផ្លាញសុខសន្តិភាព។ យកចិត្តទុកដាក់ក្នុងការសហការប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពសម្ព័ន្ធមេត្រីភាពរួម ជាមួយប្រជាជននៅក្នុងតំបន់។ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ខិតខំយកចិត្តទុកដាក់ថែទាំសុខភាពកងទ័ពដើម្បីចូលរួមពង្រឹងវិស័យការពារជាតិ។
នៅក្នុងឱកាសនោះ លោកក៏បានណែនាំថា ចំពោះយោធាចារ្យត្រូវយកចិត្តទុកដាក់ស្រាវជ្រាវសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនាយរបស់ខ្លួន ឲ្យកាន់តែរីកចម្រើន និងបង្ហាត់បង្រៀនផ្ទេរចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ដ៏ល្អដល់សិក្ខាកាម។ ត្រូវយកចិត្តទុកដាក់គោរពឲ្យបាននូវបទវិន័យនៃកងយោធពលខេមរៈភូមិន្ទ ខិតខំអត់ធ្មត់លត់ដំកសាងខ្លួន ដើម្បីអោយក្លាយជាកងទ័ពដែលមានសមត្ថភាពពេញលេញក្នុងបុព្វហេតុការពារជាតិនិងប្រជាជន៕