(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អនុគណៈកម្មការទី២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងអភិវឌ្ឍជនបទ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួអប់រំ យុវជន និងកីឡា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការរងនគរបាលរាជធានី ខេត្តទូទាំងប្រទេស សរុបចំនួន៥០រូប។
ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ ក្នុងខែវិច្ឆិកានេះ អនុគណៈកម្មការទី២ សម្រេចបានលទ្ធផលជាច្រើនគួរកត់សម្គាល់ដូចខាងក្រោម៖
* កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍បានចំនួន១០% កាត់បន្ថយអត្រាអ្នកស្លាប់បានចំនួន១៨% និងកាត់បន្ថយរបួសបានចំនួន១៥% ធៀបនឹងតែតុលាកន្លងទៅ។
* បានបន្តកម្មវិធីតុមូលអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ក្នុងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា រៀងរាល់ថ្ងៃប្រហស្បតិ៍
* បានសហការជាមួយ ប.ស.ស ផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីដល់និយោជិត កម្មករ និងអ្នកបើកបររថយន្តដឹកកម្មករចំនួន៥៩លើក សរុបអ្នកចូលរួមចំនួន ៧ ៣៩២នាក់ ក្នុងរាជធានី ខេត្តចំនួន១០ និងបានចែកបណ្ណបើកបរដល់អ្នកបើកបររថយន្តដឹកកម្មករចំនួន ៤០៩នាក់
* សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់យានដ្ឋាន និងប្រជាពលរដ្ឋចំនួន ៣ ២៩២នាក់ ចែក Sticker ចំណាំងផ្លាកចំនួន ២៧០សន្លឹក និងចូលរួមជាវាគ្មិនចំនួន ២៧លើក។
ក្នុងកិច្ចប្រជុំនេះផងដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានពាំនាំនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចខិតខំរបស់សមាជិកទាំងអស់នាពេលកន្លងមក និងជំរុញឲ្យសមាជិកទាំងអស់ត្រូវបន្តការខិតខំថែមទៀត ពិសេសនគរបាលចរាចរណ៍ ដោយត្រូវបង្កើនការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន៕