(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យថ្មីមួយ ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ និងបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីសុំយោបល់ ក៏ដូចធាតុចូលបន្ថែមទៀត មុនដាក់ជូនរាជរដ្ឋាភិបាល ក្នុងការអនុម័តលើផលិតផលទេសចរណ៍ថ្មីមួយនេះ។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។
លោក ទិត ចន្ថា ថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ គឺផ្តោតលើរបៀបវារៈចំនួន៣៖ ១. បូកសរុបការងារដែលគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ បានអនុវត្តនៅក្នុងឆ្នាំ២០១៨ ទី២. ពិភាក្សាលើគម្រោងសំខាន់ៗដែលបាននិងកំពុងអនុវត្ត និងបន្តអនុវត្តនៅឆ្នាំ២០១៩ និងទី៣. កិច្ចប្រជុំពិភាក្សាឆ្លងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នូវសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ។
គួរបញ្ជាក់ថា គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ដឹកនាំដោយក្រសួងទេសចរណ៍ ដែលបច្ចុប្បន្នគណៈកម្មការនេះ កំពុងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) ដែលផ្តល់ហិរញ្ញប្បទានសម្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោករដ្ឋលេខាធិការបានពន្យល់ថា «តំបន់ទេសចរណ៍ពិសិដ្ឋ» នេះសំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗប្រមូលផ្ដុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗ ដូចជា សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មណ្ឌលសម្រាកលំហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួន ឧទ្យាន មណ្ឌលសេវាសេវាថែទាំសុខភាពទេសចរណ៍ និងមណ្ឌល ឬសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។
លោកបានបន្តថា ក្រោយពីឆ្លង និងផ្តល់យោបល់របស់គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ និងកែសម្រួលរួចហើយ គណៈកម្មការនេះនឹងបញ្ជូនសេចក្ដីព្រាងអនុក្រឹត្យថ្មី ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋនេះ ដាក់ជូនរាជរដ្ឋាភិបាលដើម្បីអនុម័ត។
កម្ពុជាមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គួបផ្សំនឹងកាលានុវត្តភាពដែលមានទេសចរកើនឡើងច្រើន ហើយបើតាមចក្ខុវិស័យរបស់កម្ពុជាគឺចង់បានទេសចរជាតិ-អន្តរជាតិប្រមាណ ៣០លាននាក់ នៅឆ្នាំ២០៣០។ ដូច្នេះហើយដើម្បីសម្រេចនូវចក្ខុវិស័យនៃកំណើនទេសចរនេះ កត្តាសំខាន់មួយដែលមិនអាចខ្វះបាន គឺការផ្ដត់ផ្ដង់ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទទួលកំណើនទេសចរផង និងទទួលផលពីវិស័យទេសចរណ៍ផង។
លោកបន្តថា គ្រប់តំបន់ទាំងអស់ដែលមានសក្ដានុពលទេសចរណ៍ទាំងវប្បធម៌ និងធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងដែលអាចបង្កើតកីឡាទេសចរណ៍ កន្លែងសម្រាកលំហែកម្សាន្ត មានមណ្ឌលថែទាំសុខភាពទេសចរផងដែរ គឺសុទ្ធដែលអាចបង្កើតទៅជាតំបន់ទេសចរណ៍ពិសិដ្ឋបាន។
លោកបានបង្ហាញត្រួសៗថា តំបន់សៀមរាប-អង្គរ តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ រាជធានីភ្នំពេញ ខេត្តនៅភូមិភាគឦសាន ភូមិភាគនិរតី ក៏អាចរៀបចំទៅជាតំបន់ទេសចរណ៍ពិសិដ្ឋបានដែរ ពិសេតំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ៕