(ប្រ៊ុសសែល)៖ ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីបរទេស បានអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប (EU) នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជា ករណី EU ប្រុងដកការលើកលែងពន្ធ លើការនាំចូលអង្ករពីកម្ពុជា។ នេះបើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានប្រាប់បណ្តាញព័ត៌មាន Fresh News នូវដំណើរដើមទងដែលនាំឲ្យមានករណី EU ប្រុងដកការលើកលែងពន្ធចំពោះអង្ករកម្ពុជាថា ដោយសារតែប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ បានតវ៉ាថា អង្ករកម្ពុជាដែលនាំចូលដោយមិនមានយកពន្ធទៅ EU បានធ្វើឲ្យប៉ះពាល់ទៅដល់ទីផ្សារ ក៏ដូចជាផលិតកម្មស្រូវ នៅប្រទេសរបស់ពួកគេនៅអឺរ៉ុប។ ទើប EU សម្រេចស៊ើបអង្កេតករណីនេះ។
លោកបន្តថា ក្រោយពីការបញ្ចេញនូវសេចក្តីប្រកាស អំពីការស៊ើបអង្កេតខាងលើនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលការឯកភាពពីក្រសួងពាក់ព័ន្ធ ក៏សម្រេចជួលមេធាវី ដែលគាត់ធ្លាប់ការពារក្តីស្រដៀងគ្នានេះដែរ ហើយធ្លាប់ទទួលបានជោគជ័យ ដើម្បីជួយការពាររឿងក្តីនេះ ដោយមានការសហការពីដៃគូរអភិវឌ្ឍន៍លើការជួលកុងស៊ុលតង់ និងមានការសហការពីក្រសួងពាណិជ្ជកម្ម។
មន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្កររូបនេះ បានបន្តថា សហព័ន្ធស្រូវអង្ករ ក៏បានធ្វើការងារនេះ ចាប់តាំងពីពេលដែលគេប្រកាស និងមានការស៊ើបអង្កេតនេះ នៅក្នុងខែមីនា ឆ្នាំ២០១៨ ដោយបានសហការជាមួយសមាជិក ដែលជាអ្នកនាំចេញធំៗទាំង២០ ក្នុងការដាក់ចំណាប់អារម្មណ៍ទៅលើករណីនេះ ហើយចូលរួមក្នុងការផ្តល់ព័ត៌មានផ្សេងៗ ក្នុងការស៊ើបអង្កេតនេះ ដើម្បីបញ្ជាក់ថា អង្ករកម្ពុជានេះ មិនបានផ្តល់ផលប៉ះពាល់ដល់ទីផ្សារ ឬក៏ផលិតកម្មស្រូវអង្ករនៅក្នុងប្រទេសអឺរ៉ុប ដូចដែលបានការចោទប្រកាន់ពីប្រទេសចំនួន២ប៉ុណ្ណោះ ក្នុងចំណោមប្រទេសទាំង២៨នៅសហគមអឺរ៉ុប។
ក្រោយពីការស៊ើបអង្កេត និងការវាយតំលៃទៅលើដើមបណ្តឹង និងចុងបណ្តឹង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងសហគមអឺរ៉ុបគេបញ្ចេញព័ត៌មានលើសេចក្តីសម្រេចនេះថា ការនាំចេញពីកម្ពុជា និងភូមា ធ្វើឲ្យមានការប៉ះពាល់ទីផ្សារអឺរ៉ុប ដោយមិនមានហេតុផល និងភស្តុងតាងគ្រប់គ្រាន់នោះឡើយ ដែលវាជារឿងអយុត្តិធម៌សម្រាប់អ្នកនាំចេញអង្ករកម្ពុជា ពិសេសប្រជាជនកម្ពុជារាប់ម៉ឺនគ្រួសារ ដែលរងគ្រោះមកជាមួយ។
ប៉ុន្តែ EU ក៏បានទុកពេលឲ្យកម្ពុជាតវ៉ាចំនួន៣សប្តាហ៍ ហេតុដូចនេះខាងសហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយខាងក្រសួងពាណិជ្ជកម្ម ក្នុងការស្នើសុំបើក និងស្តាប់សាវនាការ និងបានឆ្លើយតបលិខិតជាលាយលក្ខ៍អក្សរទៅតាមទល្ហីករមួយៗ ដែលខាងគណៈកម្មាការអឺរ៉ុប បានវាយតម្លៃដោយបានធ្វើការបកស្រាយតាមចំណុចនិមួយៗ ដែល EU បានលើកទ្បើង ដោយនៅក្នុងសេចក្តីប្រកាសរបស់ EU នោះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយជាការវាយតម្លៃមិនបានតាមទិដ្ឋភាពជាក់ស្តែង ដូច្នេះកម្ពុជាត្រូវលើកយកចំណុចជាច្រើន នៅក្នុងនោះមកពិភាក្សាឡើងវិញ។
លោកអគ្គលេខាធិការបន្ថែមថា «ជាមួយគ្នានេះយើងក៏បានស្នើសុំឲ្យមានសវនាការដោយផ្ទាល់មាត់ទល់មុខគ្នា ដើម្បីឲ្យមេធាវីយើង ក៏ដូចជាមេធាវីអន្តរជាតិបានបកស្រាយ និងចូលរួមក្នុងសវនាការនេះ ដោយមានលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីយើង បានចូលរួមផ្តល់ការពន្យល់ និងបទបង្ហាញដើម្បីការពារវិស័យស្រូវអង្ករកម្ពុជា ដោយផ្ទាល់មាត់ ជាមួយខាងគណៈកម្មាការអឺរ៉ុប នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក កាលពីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨»។
លោកបញ្ជាក់ទៀតថា ស្របពេលជាមួយគ្នានេះដែរ កម្ពុជាក៏បានផ្ញើលិខិតទាំងនេះ ទៅប្រធានគណៈកម្មាការអឺរ៉ុប ដែលទទួលបន្ទុកផ្នែកនេះ ហើយក៏បានចម្លងជូនឯកសារនោះទៅគ្រប់រដ្ឋជាសមាជិក ទៅគ្រប់ស្ថានទូតប្រទេស ដែលជាសមាជិក EU ប្រចាំនៅកម្ពុជា ក៏ដូចជាទៅប្រធានរបស់សភាអឺរ៉ុប ប្រធានក្រុមគណៈកម្មាការអឺរ៉ុប ទៅអគ្គរដ្ឋទូតអឺរ៉ុបនៅអាស៊ានជាដើម ដើម្បីទទួលបាននូវព័ត៌មានច្បាស់លាស់ ពីវិស័យស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាសង្កត់ធ្ងន់ថា «ក្នុងនាមជាតំណាងវិស័យឯកជនផ្នែកស្រូវអង្ករ ដែលរួមមានសមាជិកជាសហគមន៍កសិកររាប់ម៉ឺនគ្រួសារ តំណាងរោងម៉ាស៊ីនរាប់រយគ្រួសារ និងតំណាងក្រុមហ៊ុននាំចេញអង្ករទាំងអស់ សង្ឃឹមថា គណៈកម្មការសហគមអឺរ៉ុប ក៏ដូចជាបណ្តារប្រទេសទាំងឡាយប្រមាណ២៨ប្រទេស នៅសហគមអឺរ៉ុប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលគ្រោងធ្វើការបោះឆ្នោតសម្រេចលើករណីខាងលើនេះ នឹងពិនិត្យឡើងវិញលើសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនឯកជននានា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចដាក់វិធានការ ឬដកការលើកលែងពន្ធលើការនាំចូលអង្ករពីកម្ពុជាពីកម្ពុជា គឺមិនត្រូវផ្អែកលើត្រឹមតែ២ប្រទេស ដែលបានលើកឡើងមិនសមហេតុផលនោះទេ»។
សហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា ការដាក់វិធានការរបស់អឺរ៉ុបនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកនាំចេញអង្ករ និងកសិករកម្ពុជាទេ ក៏នឹងប៉ះពាល់ដល់អ្នកនាំចូល និងអ្នកបរិភោគខ្លួនឯងនៅអឺរ៉ុបផងដែរ ព្រោះតំលៃអង្ករនាំចូលសហគមអឺរ៉ុបនឹងឡើងខ្ពស់ជាងមុន បន្ទាប់ពីបូកបញ្ជូលតំលៃពន្ធ ដោយកម្ពុជាក៏បានទទួលព័ត៌មានពីឈ្មួយទិញអង្ករនៅអឺរ៉ុបជាច្រើននាក់ គេបានថ្អូញថ្អែរ និងព្រួយបារម្ភប្រសិនបើ EU សម្រេចដាក់ពន្ធនាំចូលអង្ករពីកម្ពុជា ក្នុងពេលឆាប់ៗមែននោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ៕