(ភ្នំពេញ)៖ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ចប់មុខតំណែងជាឯកអគ្គរដ្ឋទូត ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះតទៅ។ នេះបើតាម Facebook ផ្លូវការរបស់ស្ថានទូតអាមេរិក បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមស្ថានទូតអាមេរិក បានបញ្ជាក់ថា «ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត Heidt នឹងចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានបំពេញការងារនៅទីនេះ អស់រយៈពេលជាង៣ឆ្នាំមក។ មុនពេលលោក ចាកចេញលោកចង់ បង្ហាញការយល់ឃើញ ចុងក្រោយរបស់លោក ដល់ប្រជាជនកម្ពុជា»។
តាមរយៈវីដេអូប្រមាណ២នាទី របស់ លោក William Heidt។ លោកបានលើកឡើងថា៖ «ខ្ញុំរំភើបមែនទែនដែលនឹងបានជួបជុំគ្រួសារខ្ញុំនៅអាមេរិក ប៉ុន្ដែនឹងទុកសេចក្ដីស្រលាញ់របស់ខ្ញុំមួយផ្នែកនៅកម្ពុជា ៣ឆ្នាំកន្លងមកនេះ ពិតជាអស្ចារ្យមែនទែន។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រជាជនអាមេរិក និងកម្ពុជា មានភាពល្អប្រសើរឡើង ក្នុងអាណត្ដិរបស់ខ្ញុំ គឺពិតជាសប្បាយក្នុងការទំនាក់ទំនងជាមួយប្រជាជនខ្មែរ ខ្ញុំពេញចិត្ដមែនទែនក្នុងការរៀនភាសាខ្មែរ រៀនអំពីវប្បធម៌ខ្មែរ និងជាពិសេសការច្រៀងចម្រៀងខ្មែរ»។
លោកបានបន្តថា៖ «ក្នុងអាណត្ដិរបស់ខ្ញុំស្ថានទូតអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្ដិការផ្លែផ្កាជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាការការពារបរិស្ថាន ការការពារសុខភាព ការអភិវឌ្ឍកសិកម្ម និងការពង្រីកពាណិជ្ជកម្ម។ និយាយតាមត្រង់ទៅ ក្នុងអាណត្ដិរបស់ខ្ញុំមានការលំបាកខ្លះៗដែរ មិនមែនល្អទាំងអស់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់ការលំបាកតិចជាង ក្នុងឆ្នាំកន្លងមក ខ្ញុំមានការកោតសសើរ យុវជនជំនាន់ក្រោយ ជាពិសេសចំពោះភាពឆ្លាតវៃរបស់ពួកគេ»។
លោកបានបន្តថា «សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺប្រជាជនកម្ពុជាគ្រប់ជំនាន់ ចេះការពារបរិស្ថាន ចេះការពារវប្បធម៌ និងប្រវត្ដិរបស់កម្ពុជា និងសហការគ្នាដើម្បីកសាងប្រជាធិបតេយ្យ និងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។ លាហើយកម្ពុជា ខ្ញុំសង្ឃឹមថា យើងអាចជួបគ្នាម្ដងទៀតពេលក្រោយ អរគុណច្រើន»។
សូមបញ្ជាក់ថា លោក William Heidt បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាជំនួស លោក William Todd ដែលចប់អាណត្តិកាលពីចុងឆ្នាំ២០១៥។ លោក William A. Heidt មានប្រពន្ធដើមកំណើតខ្មែរ បានបម្រើការជាង២០ឆ្នាំនៅក្រសួងការបរទេសក្នុងតួនាទីខុសៗគ្នា៕