(ព្រះវិហារ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិឡាវ២នាក់ និងចាប់យកគ្រឿងញៀន១គីឡូក្រាម។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះបានបញ្ជាក់ថា ជនជាតិឡាវទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១៖ ឈ្មោះ សុខ ថាវង្ស ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឡាវ មុខរបរប៉ូលីសអន្ដោប្រវេសន៍ឡាវ, ទី២៖ ឈ្មោះ ម៉ាន់ គីតា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឡាវ។
ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ និងមានការសហការពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕