(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបទីតាំងល្បែងខុសច្បាប់ (កូនកាស៊ីណូ)ស្ថិតនៅតាមផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងចុះបង្ក្រាបនោះ លោក ឯក ឃុនឌឿន បានបញ្ជាក់ថា ឧបករណ៍ដែលជាម៉ាស៊ីនសម្រាប់លេងល្បែងជាច្រើន ត្រូវបានរកឃើញនៅក្នុងទីតាំងនេះ ហើយអាជ្ញាធររបស់លោក ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នឹងធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ បើសិនរកឃើញថាគ្មានច្បាប់ទម្លាប់ និងជាល្បែងស៊ីសងនោះ ឧបករណ៍ម៉ាស៊ីនទាំងនេះនឹងត្រូវរឹបអូសជាក់ជាមិន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឲ្យឃាត់ខ្លួនបុគ្គលិកមួយចំនួន ព្រមជាមួយមេកា និងអ្នកមើលការខុសត្រូវជាជនជាតិចិនផងដែរ ដើម្បីចាត់ការបន្តទៀត។ លោកថា តាមការពិនិត្យជាក់ស្តែងនៅក្នុងទីតាំងល្បែងមួយនេះ ស្លុតម៉ាស៊ីនជាច្រើនគ្រឿងត្រូវបានរកឃើញ ដែលត្រូវបានរាជរដ្ឋាភិបាលធ្លាប់បានប្រកាសហាមឃាត់ផងដែរ៕