(ចិន)៖ ពាណិជ្ជករចិនកំពុងស្វែងរកលំអានពាណិជ្ជកម្មថ្មីៗ ខណៈដែលតម្លៃរបស់ដែកថែប បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយក្នុងចំណោមលំអានទាំងនោះ គឺមានការលេងផ្សារហ៊ុនដែកថែប កំពុងក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់សហគ្រាសដែកថែប ដើម្បីទប់ទល់ហានិភ័យនានា។
ចាប់តាំងពីដើមខែវិច្ឆិកា តម្លៃរបស់ដែកថែបបានធ្លាក់ចុះរហូតដល់ទៅ១០៨ដុល្លារក្នុងមួយតោន ដោយក្នុងនោះ ការធ្លាក់ចុះខ្លាំងកើតមាននៅភាគខាងកើត និងខាងជើងប្រទេសចិន។
នាយកគ្រប់គ្រងទូទៅរបស់រោងចក្រដែកថែបឯកជនមួយកន្លែង នៅភាគខាងជើងខេត្ត ហេប៉ី បាននិយាយថា តម្រូវការផលិតផលដែកថែបបានធ្លាក់ចុះ ចាប់តាំងពីខែរងារមកដល់។
លោក ចាង ជីស៊ីង នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Tangshan Delong Steel Co.,Ltd «កាលពីខែមុន តម្លៃដែកថែបបានធ្លាក់ចុះយ៉ាងគំហុក។ បច្ចុប្បន្ន តម្លៃបានធ្លាក់ចុះ៧២ដុល្លារក្នុងមួយតោន ឬក៏ធ្លាក់ច្រើនជាងនេះថែមទៀត។ យើងបានបង្កើនការខិតខំប្រឹងប្រែងផ្នែកលក់ ប្រញ៉ាប់ប្រញ៉ាល់ផ្គត់ផ្គង់តាមការបញ្ជាទិញ និងការដឹកជញ្ជូន។ ការទិញវត្ថុធាតុដើមនឹងត្រូវរៀបចំក្រោយពេលលក់ផលិតផលដែកថែបរួច»។
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមជ្ឈឹម ក្នុងការកាត់បន្ថយសមត្ថភាពក្នុងការផលិត លើសនូវផលិតផលដែកថែបក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ បានបង្កើតឲ្យមានកាលានុវត្តន៍ភាពផ្សេងៗសម្រាប់ឧស្សាហកម្មដែកថែប។ នៅដើមឆ្នាំនេះ រោងចក្រផលិតដែកថែបរកប្រាក់ចំណេញបាន១៧៣ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែប្រាក់ចំណេញនេះបានធ្លាក់ចុះមកនៅត្រឹម១១៥ដុល្លារ។
ដោយសារមានកំណើនប្រាក់ចំណេញខ្ពស់ ឧស្សាហកម្មដែកថែបបានពង្រីកទិន្នផល ហើយបុគ្គលក្នុងឧស្សាហកម្មនេះជឿថា អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ បានរួមចំណែកដល់ការធ្លាក់ចុះនៃទីផ្សារដែកថែប។
លោក ចាង ជីស៊ីង បញ្ជាក់ថា «តម្លៃដែកថែបបានកើនឡើងថ្លៃរហូតដល់ត្រីមាសទី៤កាលពីឆ្នាំមុន ប៉ុន្តែនៅឆ្នាំនេះគឺផ្ទុយពីឆ្នាំមុន។ ដោយសារតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណេញរបស់យើងក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ»។
តម្លៃរ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម នៅតែមានតម្លៃខ្ពស់តាំងពីខែវិច្ឆិកាមក។ តម្លៃខ្ពស់នៃវត្ថុធាតុដើម និងការធ្លាក់ចុះនៃតម្លៃដែកថែបបានប៉ះពាល់ដល់ប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនដែកថែប។
ក្នុងយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្សារហ៊ុនចិនបានចេញផ្សាយជាបន្តបន្ទាប់នូវនិស្សន្ទវត្ថុ ដែលផ្ដោតលើមុខទំនិញធំៗ។ ដែកថែប រ៉ែដែក ធ្យូងថ្ម និងកាកធ្យូងថ្ម និងការលេងហ៊ុនក្នុងឧស្សាហកម្មដែកថែប បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់សហគ្រាសដែកថែប និងពាណិជ្ជករដើម្បីទប់ទល់ហានិភ័យទីផ្សារ។
លោក ឡាង យី ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មទី៣ ក្រុមហ៊ុន Galaxy Futures សាខាទីក្រុងប៉េកាំង «ការលេងទីផ្សារហ៊ុនអនាគតកាន់តែមានភាពរឹងមាំ និងរស់រវើក។ នាពេលបច្ចុប្បន្ន រោងចក្រដែកថែបបានដឹងយ៉ាងច្បាស់ថាឧបករណ៍របស់ផ្សារហ៊ុនអនាគត អាចគ្រប់គ្រងហានិភ័យបាន»៕ (សារព័ត៌មាន CCTV របស់ចិន)