(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដើម្បីរៀបចំការតាំងពិពណ៌បង្ហាញ សមិទ្ធិផល គម្រោងអភិវឌ្ឍនសំខាន់ៗ របស់ខេត្ត ក្នុងពិធីសម្ភោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ និងការរៀបចំទិវាបុណ្យជាតិ៧មករា ខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០១៩ ដែលនឹងប្រារព្ធធ្វើឡើង នៅចុងខែធ្នូខាងមុខនៅរាជធានីភ្នំពេញ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ពិតណាស់កន្លងទៅ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជា តាមបញ្ជាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំងឲ្យមានការរៀបចំពិធីបុណ្យទិវាជ័យជំនះ ៧មករា នេះ រយៈពេក៣ថ្ងៃ គឺថ្ងៃទី២៩-៣០-៣១ ខែធ្នូ ដែលក្នុងកម្មវិធីនោះ មានការបាញ់កាំជ្រួច មានការធ្វើមាទិញអបអរសាទរ រួមទាំងមានការតាំងពិពណ៌សមិទ្ធិផល រយៈពេល២០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៩ មានន័យថា ចាប់តាំងពីពេលដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពមកនោះ ហើយក្រោយពីទទួល បាននូវសុខសន្តិភាពនោះហើយ ដែលមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។
លោកអភិបាល បានថ្លែងទៀតថា ពិពណ៌រូបភាព នៃសមិទ្ធិផលទាំងអស់ ដែលអាចបង្ហាញអំពីសក្តានុពលក្នុងខេត្តកំពង់ចាមទាំងមូល និងលើកយកមកដើម្បីឲ្យអង្គប្រជុំ ធ្វើការពិភាក្សា និងផ្តល់យោបល់ និងសម្រេច សម្រាប់យកទៅតាំងពិពណ៌រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យ នៅឯរាជធានីភ្នំពេញ ទៅតាមពេលវេលា និងការបរិច្ឆេទដូចខាងលើ។
បើតាមអភិបាលខេត្តកំពង់ចាម ក្រុមការងារទាំងអស់ត្រូវធ្វើយ៉ាងណារៀបចំកិច្ចការឲ្យបានរួចរាល់ទាន់ពេលវេលា ពោល គឺមុនថ្ងៃចាប់ផ្តើមពិធីបុណ្យ១ថ្ងៃ។ ដោយឡែកចំពោះពិធីបុណ្យ ទិវាជ័យជំនះ៧មករា ខួបទី៤០ នេះ គឺធ្វើខុសពីឆ្នាំមុន ដែលត្រូវប្រារព្ធធ្វើធំ ជួបជុំគ្នា នៅទីក្រុងភ្នំពេញ មានទាំងព្យុះហយាត្រាថែមទៀតផង ដែលក្នុងនោះ ខេត្តកំពង់ចាម ត្រូវមាន២តំណាក់ការរួមមាន៖
*ទី១៖ ការចាត់តាំងដឹកនាំកម្លាំងទៅចូលរួមហែរក្បួន នៅឯទីក្រុងភ្នំពេញ ដែលត្រូវរៀបចំតុបតែងរថយន្តមួយគ្រឿងដាក់តាំងបង្ហាញ នូវរូបភាពដែលជាអត្តសញ្ញាណខេត្តកំពង់ចាម
*ទី២៖ គឺបន្ទាប់ពីហែរក្បួននៅភ្នំពេញរួច ក៏និងបន្តហែរក្បួនបង្ហាញប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមរបស់យើងផងដែរ៕