(កំពង់ចាម)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ចាម និងមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញ ដាក់តាំងលក់ ក្នុងពិធីពិព័រណ៍ដែលស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា «យើងបានធ្វើតេស្តលើម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា៖ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់ជ្រូក ណែមអាំងសាច់ត្រី ណែមអាំងសាច់ជ្រូក សាច់ប៉ាត់តេ សរសៃគុយទាវ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ឡើយ»។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ដើម្បីឲ្យពួកគាត់បានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីក្នុងម្ហូបអាហារ។
លោកក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕